«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងសើដេសថា៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីរ និងផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់ការដែលអ្នកប្រព្រឹត្តហើយ អ្នកមានឈ្មោះថារស់ តែអ្នកស្លាប់ទេ។ ចូរភ្ញាក់ខ្លួនឡើង ហើយចម្រើនកម្លាំងចំពោះអ្វីៗដែលនៅសល់រៀបនឹងស្លាប់នោះឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតយើងបានឃើញការដែលអ្នកប្រព្រឹត្តនោះ មិនទាន់ពេញខ្នាតនៅចំពោះព្រះនៃយើងនៅឡើយទេ។ ដូច្នេះ ចូរនឹកចាំ ដែលអ្នកបានទទួល ហើយបានឮជាយ៉ាងណា ចូរកាន់តាម ហើយប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ នោះយើងនឹងមកដូចជាចោរ ហើយអ្នកមិនដឹងថា យើងនឹងមករកអ្នកនៅពេលណាឡើយ។ ប៉ុន្តែ នៅក្រុងសើដេស ក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយយើង ដ្បិតគេសមនឹងបានដូច្នេះ។ អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។ «ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិតប្រាកដ ដែលទ្រង់មានកូនសោរបស់ស្តេចដាវីឌ បើទ្រង់បើក គ្មានអ្នកណាបិទបាន ហើយបើទ្រង់បិទ នោះគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់កិច្ចការដែលអ្នកធ្វើហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នក ដែលគ្មានអ្នកណាអាចនឹងបិទបានឡើយ។ យើងដឹងថាអ្នកមានកម្លាំងបន្តិចមែន តែអ្នកបានកាន់តាមពាក្យរបស់យើង ក៏មិនបានបដិសេធឈ្មោះរបស់យើងដែរ។ មើល៍! យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាអ្នកដែលហៅខ្លួនឯងថាជាសាសន៍យូដា តែមិនមែនទេ គេនិយាយកុហក។ យើងនឹងឲ្យគេមកក្រាបសំពះនៅទៀបជើងរបស់អ្នក ព្រមទាំងឲ្យគេដឹងថា យើងបានស្រឡាញ់អ្នកមែន។ ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។ យើងនឹងមកនៅពេលឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។ អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។ «ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ ព្រះដ៏ជាអាម៉ែន ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមកំណើតនៃអ្វីៗដែលព្រះបានបង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់កិច្ចការដែលអ្នកធ្វើហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ។ យើងចង់ឲ្យអ្នក បើត្រជាក់ឲ្យពិតជាត្រជាក់ ឬបើក្តៅឲ្យពិតជាក្តៅ។ ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងមិនខាន។ ដ្បិតអ្នកអួតថា "ខ្ញុំជាអ្នកមាន ខ្ញុំមានស្តុកស្តម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ" តែអ្នកមិនដឹងថា អ្នកវេទនា គួរឲ្យអាណិត ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតនោះឡើយ។ ដូច្នេះ យើងទូន្មានឲ្យអ្នកទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកបានធ្វើជាអ្នកមាន ហើយទិញសម្លៀកបំពាក់សទៅស្លៀកពាក់ កុំឲ្យគេឃើញកេរខ្មាសដែលអ្នកនៅអាក្រាត ព្រមទាំងថ្នាំលាបភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញច្បាស់។ យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។ មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយយើង ដូចជាយើងបានឈ្នះ ហើយបានអង្គុយជាមួយព្រះវរបិតាយើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។
អាន វិវរណៈ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 3:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ