បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។ ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។ ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។ ព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងធ្វើទាំងអស់ជាថ្មី»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរសរសេរដូច្នេះ ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។ អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។ បន្ទាប់មក មានទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។ ទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំមួយ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកពីព្រះ ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។ ក្រុងនោះមានកំផែងធំខ្ពស់ មានទ្វារដប់ពីរ នៅលើទ្វារទាំងនោះមានទេវតាដប់ពីរ ហើយមានឆ្លាក់ឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានទ្វារបី ទិសខាងជើងមានទ្វារបី ទិសខាងត្បូងមានទ្វារបី ហើយទិសខាងលិចមានទ្វារបី។ កំផែងក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះនោះ មានឈ្មោះសាវកទាំងដប់ពីររបស់កូនចៀម។ ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។ ទីក្រុងនោះមានរាងបួនជ្រុង បណ្តោយ និងទទឹងស្មើគ្នា ទេវតានោះបានយកដំបងរបស់លោកវាស់ទីក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្តាដ គឺបណ្តោយ ទទឹង និងកម្ពស់ មានប្រវែងស្មើគ្នាទាំងអស់។ ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានប្រវែងមួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្ស ដែលទេវតាប្រើ។ កំផែងក្រុងសង់ពីត្បូងពេជ្រ ហើយទីក្រុងសង់ពីមាសសុទ្ធ ភ្លឺថ្លាដូចជាកែវ។ គ្រឹះកំផែងក្រុងតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង ទីមួយជាត្បូងពេជ្រ ទីពីរត្បូងកណ្តៀង ទីបីត្បូងមោរ៉ា ទីបួនត្បូងមរកត ទីប្រាំត្បូងសាមស៊ី ទីប្រាំមួយត្បូងពិទាយ ទីប្រាំពីរត្បូងប៊ុតលឿង ទីប្រាំបីត្បូងបេរីល ទីប្រាំបួនត្បូងទោប៉ាត់ ទីដប់ត្បូងយក់ ទីដប់មួយត្បូងនិល ទីដប់ពីរត្បូងត្របែក។ ទ្វារក្រុងទាំងដប់ពីរ ជាកែវមុក្តាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្តាមួយដុំ ហើយផ្លូវរបស់ក្រុងនោះ ជាមាសសុទ្ធ ថ្លាដូចកែវ។ ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត និងកូនចៀម ជាព្រះវិហាររបស់ក្រុងនោះ។ ក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់បំភ្លឺទេ ដ្បិតសិរីល្អរបស់ព្រះជាពន្លឺរបស់ក្រុងនោះ ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។ ជាតិសាសន៍នានានឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្តេចនានានៅផែនដី ក៏យកសិរីល្អរបស់ខ្លួនចូលមកក្នុងក្រុងនោះដែរ ទ្វារក្រុងទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅទីនោះគ្មានយប់ឡើយ។ គេនឹងយកសិរីល្អ និងកេរ្តិ៍ឈ្មោះរបស់ជាតិសាសន៍នានាចូលមកក្នុងក្រុងនោះ។ ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
អាន វិវរណៈ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 21:1-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ