វិវរណៈ 21:1-27

វិវរណៈ 21:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ។ ពេល​នោះ ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​ពី​ព្រះ តាក់​តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្តី។ ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។ ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។ ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ធ្វើ​ទាំង​អស់​ជា​ថ្មី»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ចូរ​សរសេរ​ដូច្នេះ ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត ហើយ​គួរ​ជឿ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល‌ផា និង​អូ‌មេកា គឺ​ជា​ដើម និង​ជា​ចុង បើ​អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ណា​ដែល​ឈ្នះ​នឹង​បាន​ទទួល​សេចក្ដី​ទាំង​នេះ​ជា​មត៌ក យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​យើង។ ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។ បន្ទាប់​មក មាន​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ពេញ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។ ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​មួយ ហើយ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ ជា​ក្រុង​យេរូ‌សាឡិម​ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ ទាំង​មាន​សិរី‌ល្អ​របស់​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ជា​ត្បូង​ពេជ្រ ហើយ​ថ្លា​ដូច​កែវ​ចរណៃ។ ក្រុង​នោះ​មាន​កំផែង​ធំ​ខ្ពស់ មាន​ទ្វារ​ដប់ពីរ នៅ​លើ​ទ្វារ​ទាំង​នោះ​មាន​ទេវតា​ដប់ពីរ ហើយ​មាន​ឆ្លាក់​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ នៅ​ទិស​ខាង​កើត​មាន​ទ្វារ​បី ទិស​ខាង​ជើង​មាន​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ទ្វារ​បី ហើយ​ទិស​ខាង​លិច​មាន​ទ្វារ​បី។ កំផែង​ក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​នោះ មាន​ឈ្មោះ​សាវក​ទាំង​ដប់ពីរ​របស់​កូន​ចៀម។ ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់ សម្រាប់​វាស់​ទី​ក្រុង ទ្វារ​ក្រុង និង​កំផែង​ក្រុង។ ទី​ក្រុង​នោះ​មាន​រាង​បួន​ជ្រុង បណ្តោយ និង​ទទឹង​ស្មើ​គ្នា ទេវតា​នោះ​បាន​យក​ដំបង​របស់​លោក​វាស់​ទី​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្តាដ គឺ​បណ្តោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើ​គ្នា​ទាំង​អស់។ ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង ឃើញ​មាន​ប្រវែង​មួយរយ​សែសិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស ដែល​ទេវតា​ប្រើ។ កំផែង​ក្រុង​សង់​ពី​ត្បូង​ពេជ្រ ហើយ​ទី​ក្រុង​សង់​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​ជា​កែវ។ គ្រឹះ​កំផែង​ក្រុង​តុប​តែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង ទី​មួយ​ជា​ត្បូង​ពេជ្រ ទី​ពីរ​ត្បូង​កណ្តៀង ទី​បី​ត្បូង​មោរ៉ា ទី​បួន​ត្បូង​មរកត ទី​ប្រាំ​ត្បូង​សាមស៊ី ទី​ប្រាំមួយ​ត្បូង​ពិទាយ ទី​ប្រាំពីរ​ត្បូង​ប៊ុត‌លឿង ទី​ប្រាំបី​ត្បូង​បេ‌រីល ទី​ប្រាំបួន​ត្បូង​ទោប៉ាត់ ទី​ដប់​ត្បូង​យក់ ទី​ដប់មួយ​ត្បូង​និល ទី​ដប់ពីរ​ត្បូង​ត្របែក។ ទ្វារ​ក្រុង​ទាំង​ដប់​ពីរ ជា​កែវ​មុក្តា​ដប់​ពីរ គឺ​ទ្វារ​នីមួយៗ​ធ្វើ​ពី​កែវ​មុក្តា​មួយ​ដុំ ហើយ​ផ្លូវ​របស់​ក្រុង​នោះ ជា​មាស​សុទ្ធ ថ្លា​ដូច​កែវ។ ខ្ញុំ​មិន​ឃើញ​មាន​ព្រះ‌វិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត និង​កូន​ចៀម ជា​ព្រះ‌វិហារ​របស់​ក្រុង​នោះ។ ក្រុង​នោះ​មិន​ត្រូវ​ការ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សម្រាប់​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​របស់​ព្រះ​ជា​ពន្លឺ​របស់​ក្រុង​នោះ ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។ ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្តេច​នានា​នៅ​ផែនដី ក៏​យក​សិរី​ល្អ​របស់​ខ្លួន​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ទី​នោះ​គ្មាន​យប់​ឡើយ។ គេ​នឹង​យក​សិរី‌ល្អ និង​កេរ្តិ៍​ឈ្មោះ​របស់​ជាតិ​សាសន៍​នានា​ចូល​មក​ក្នុង​ក្រុង​នោះ។ ប៉ុន្តែ គ្មាន​អ្វី​ស្មោក‌គ្រោក ឬ​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​ភូត​កុហក អាច​ចូល​ទៅ​ក្នុង​ក្រុង​នោះ​បាន​ឡើយ គឺ​ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។

ចែក​រំលែក
អាន វិវរណៈ 21

វិវរណៈ 21:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​ពី​មុន និង​ផែនដី​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ដែរ។ បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ*​ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុប‌តែង​ខ្លួន​ទទួល​ស្វាមី។ ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះ‌ពន្លា​ ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះ‌ជា‌ម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។ ព្រះអង្គ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី»។ បន្ទាប់‌មក​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​កត់‌ត្រា​ទុក ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេ‌កា​ គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។ អ្នក​ដែល​មាន​ជ័យ‌ជម្នះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។ ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។ បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​កូន​ក្រមុំ​ជា​ភរិយា​របស់​កូន​ចៀម»។ ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់។ ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់‌ពីរ នៅ​លើ​ខ្លោង​ទ្វារ​មាន​ទេវតា​ដប់‌ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។ កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក*​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។ ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។ ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ទេវតា​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ពាន់​ស្ដាដ​ ។ បណ្ដោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើៗ​គ្នា។ ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កម្ពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។ កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស ហើយ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។ គ្រឹះ​របស់​កំពែង​ក្រុង​មាន​តុប‌តែង​ទៅ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង គ្រឹះ​ទី​មួយ​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស គ្រឹះ​ទី​ពីរ​ធ្វើ​ពី​ត្បូង​កណ្ដៀង គ្រឹះ​ទី​បី​ធ្វើ​ពី​ត្បូង​មោរ៉ា គ្រឹះ​ទី​បួន​ធ្វើ​ពី​កែវ‌មរកត គ្រឹះ​ទី​ប្រាំ​ធ្វើ​ពី​ត្បូង​ដៃ‌រគៀម គ្រឹះ​ទី‌ប្រាំ​មួយ​ធ្វើ​ពី​ត្បូង​ទទឹម គ្រឹះ​ទី​ប្រាំ‌ពីរ​ធ្វើ​ពី​ត្បូង​ប៊ុត‌លឿង គ្រឹះ​ទី​ប្រាំ‌បី​ធ្វើ​ពី​ត្បូង​បេរីល គ្រឹះ​ទី​ប្រាំ‌បួន​ធ្វើ​ពី​ត្បូង​ថៃលឿង គ្រឹះ​ទី​ដប់​ធ្វើ​ពី​ត្បូង​កែវ‌យក់ គ្រឹះ​ទី​ដប់‌មួយ​ធ្វើ​ពី​ត្បូង​និល‌រ័ត្ន គ្រឹះ​ទី​ដប់‌ពីរ​ធ្វើ​ពី​ត្បូង​ជម្ពូ‌រ័ត្ន។ ទ្វារ​ទាំង​ដប់‌ពីរ​ធ្វើ​ពី​កែវ‌មុក្ដា​ដប់‌ពីរ គឺ​ទ្វារ​នីមួយៗ​ធ្វើ​ពី​កែវ‌មុក្ដា​តែ​មួយ​ដុំ។ លាន​របស់​ក្រុង​ធ្វើ​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​កែវ។ ខ្ញុំ​ពុំ​ឃើញ​មាន​ព្រះ‌វិហារ*​នៅ​ក្នុង​ទីក្រុង​ទេ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ ដែល​ជា​ព្រះ‌វិហារ​របស់​ក្រុង​នោះ។ ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។ ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្ដេច​នានា​នឹង​នាំ​រាជ​ទ្រព្យ​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ ។ ទ្វារ​ក្រុង​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​នៅ​ទី​នោះ គ្មាន​យប់​ទេ។ គេ​នឹង​នាំ​យក​ភោគ​ទ្រព្យ និង​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​ជាតិ​សាសន៍​នានា មក​ដាក់​ក្នុង​ក្រុង​នោះ។ គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក ក៏​ពុំ​អាច​ចូល​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ ទើប​អាច​ចូល​បាន។

ចែក​រំលែក
អាន វិវរណៈ 21

វិវរណៈ 21:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ តាក់‌តែង​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​តែង​ខ្លួន​ទទួល​ប្ដី ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា មើល រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។ ឯ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា ស្រេច​ហើយ អញ​ជា​អាលផា នឹង​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង បើ​អ្នក​ណា​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្ដី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្ត‌អាគម ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង​នឹង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​២​វិញ។ ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោង‌ថ្មី ជា​ភរិយា​របស់​កូន​ចៀម នោះ​ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​ហើយ​ខ្ពស់ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​អំពី​ព្រះ ទាំង​មាន​សិរី‌ល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណី‌ជោតិ ហើយ​ថ្លា​ដូច​ជា​កែវ​ចរណៃ ក្រុង​នោះ​មាន​កំផែង​ធំ ហើយ​ខ្ពស់ មាន​ទ្វារ​១២ ឯ​ត្រង់​ទ្វារ​ទាំង​នោះ​មាន​ទេវតា​១២ ហើយ​មាន​ឈ្មោះ​ឆ្លាក់​ទុក ដែល​ជា​ឈ្មោះ​របស់​ពូជ​អំបូរ​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​១២ នៅ​ទិស​ខាង​កើត​មាន​ទ្វារ​៣ ខាង​ជើង​មាន​ទ្វារ​៣ ខាង​ត្បូង​មាន​ទ្វារ​៣ ហើយ​ខាង​លិច​មាន​ទ្វារ​៣​ដែរ កំផែង​នៃ​ទី​ក្រុង​ក៏​មាន​ជើង​១២ ដែល​មាន​ឆ្លាក់​ឈ្មោះ​ជា​ឈ្មោះ​ពួក​សាវក​របស់​កូន​ចៀម​ទាំង​១២​នាក់។ ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង នឹង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ទី​ក្រុង​នោះ​មាន​រាង​៤​ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់ ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ កំផែង​នោះ​បាន​ធ្វើ​ពី​ត្បូង​មណី‌ជោតិ ហើយ​ទី​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ដូច​ជា​កែវ​ថ្លា​ល្អ ជើង​កំផែង​បាន​តាក់‌តែង ដោយ​ត្បូង​មាន​ដំឡៃ​គ្រប់​យ៉ាង ជើង​ទី​១​មាន​ត្បូង​មណី‌ជោតិ ទី​២​មាន​ត្បូង‌កណ្តៀង ទី​៣​មាន​ត្បូង​មោរ៉ា ទី​៤​មាន​ត្បូង​មរកត ទី​៥​មាន​ត្បូង​សាមស៊ី ទី​៦​មាន​ត្បូង​ពិទាយ ទី​៧​មាន​ត្បូង​ប៊ុត‌លឿង ទី​៨​មាន​ត្បូង​បេរីល ទី​៩​មាន​ត្បូង​ទោប៉ាត់ ទី​១០​មាន​ត្បូង​យក់ ទី​១១​មាន​ត្បូង​និល ទី​១២​មាន​ត្បូង​ត្របែក ទ្វារ​ទាំង​១២​ជា​កែវ‌មុក្តា​១២ គឺ​ទ្វារ​១​ធ្វើ​ពី​កែវ‌មុក្តា​១ ហើយ​ផ្លូវ​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​ជា​កែវ។ ខ្ញុំ​មិន​ឃើញ​មាន​ព្រះ‌វិហារ​ណា នៅ​ក្នុង​ក្រុង​នោះ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រម​ទាំង​កូន​ចៀម​ដែរ ទ្រង់​ជា​ព្រះ‌វិហារ​នៃ​ទី​ក្រុង​នោះ ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ ទ្វារ​ក្រុង​នោះ​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ឯ​ណោះ​គ្មាន​យប់​ឡើយ មនុស្ស​លោក​នឹង​យក​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ ក៏​គ្មាន​អ្វី​ស្មោក‌គ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្ដី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​បាន​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។

ចែក​រំលែក
អាន វិវរណៈ 21