វិវរណៈ 20

20
រាជ្យ​មួយ​ពាន់​ឆ្នាំ
1បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​ស្ថាន​សួគ៌ ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ។ 2ទេវតា​នោះ​ក៏​ចាប់​នាគ គឺ​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស និង​ជា​សាតាំង ហើយ​ចង​ទុក​មួយ​ពាន់​ឆ្នាំ 3រួច​បោះ​វា​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ចាក់​សោ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត រហូត​ដល់​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ។ ក្រោយ​មក ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។
4បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​អស់​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​ដើម្បី​ជំនុំ‌ជម្រះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​គេ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ និង​ដោយ​ព្រោះ​ព្រះ‌បន្ទូល​របស់​ព្រះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ ឬ​រូប​របស់​វា ក៏​មិន​បាន​ទទួល​សញ្ញា​សម្គាល់​របស់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​របស់​គេ​ដែរ ។ អ្នក​ទាំង​នោះ​បាន​រស់​ឡើង​វិញ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រីស្ទ​មួយ​ពាន់​ឆ្នាំ។ 5តែ​មនុស្ស​ស្លាប់​ផ្សេង​ទៀត​មិន​បាន​រស់​ឡើង​វិញ​ទេ រហូត​ទាល់​តែ​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ។ 6មាន​ពរ​ហើយ បរិសុទ្ធ​ហើយ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ​នេះ។ សេចក្ដី​ស្លាប់​ទី​ពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ គឺ​អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះ និង​របស់​ព្រះ‌គ្រីស្ទ ហើយ​គេ​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ​មួយ​ពាន់​ឆ្នាំ។
ការ​បរាជ័យ​របស់​សាតាំង
7លុះ​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ហើយ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច​ពី​គុក 8ហើយ​វា​នឹង​ចេញ​ទៅ បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ឲ្យ​វង្វេង គឺ​សាសន៍​កុក និង​សាសន៍​ម៉ាកុក ដើម្បី​ប្រមូល​គេ​មក​ច្បាំង។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។ 9ពួក​គេ​ឡើង​ទៅ​ពាស​ពេញ​លើ​ផែនដី ហើយ​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​បរិសុទ្ធ ជា​ទី​ក្រុង​សំណព្វ​របស់​ព្រះ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ​អស់​ទៅ។ 10អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​សាហាវ និង​ហោរា​ក្លែង‌ក្លាយ​នៅ។ គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។
ការ​ជំនុំ‌ជម្រះ​ពួក​មនុស្ស​ស្លាប់
11បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​មួយ​យ៉ាង​ធំ និង​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ។ ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ចេញ​ពី​ព្រះ​វត្តមាន​របស់​ព្រះ‌អង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។ 12ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​បញ្ជី​ក៏​បើក​ឡើង។ បន្ទាប់​មក បញ្ជី​មួយ​ទៀត គឺ​ជា​បញ្ជី​ជីវិត​ក៏​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ‌ជម្រះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់​ត្រា​ទុក​ក្នុង​បញ្ជី​ទាំង​នោះ។ 13សមុទ្រ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​គ្រប់​គ្នា​ត្រូវ​ជំនុំ‌ជម្រះ​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន។ 14បន្ទាប់​មក សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។ នេះ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ 15ហើយ​បើ​អ្នក​ណា​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល