វិវរណៈ 2:8-17

វិវរណៈ 2:8-17 គកស១៦

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺ‌ណា​ថា៖ ព្រះ​ដ៏​ជា​ដើម និង​ជា​ចុង ដែល​បាន​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​ទុក្ខ​វេទនា និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ ប៉ុន្តែ តាម​ពិត​អ្នក​ជា​អ្នក​មាន ក៏​ស្គាល់​អស់​អ្នក​ដែល​ប្រមាថ​អ្នក ដែល​ថា​ខ្លួន​ជា​សាសន៍​យូដា តែ​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង​វិញ។ កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ពើ‌កាម៉ុស​ថា៖ ព្រះ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅ​ហើយ គឺ​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង តែ​អ្នក​កាន់​ខ្ជាប់​តាម​ឈ្មោះ​យើង ហើយ​មិន​បាន​បោះ‌បង់​ចោល​ជំនឿ​ដល់​យើង​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សម្លាប់​អាន់‌ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ។ ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​ដែរ។ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ ហើយ​ច្បាំង​នឹង​គេ ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ នៅ​លើ​ក្រួស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែង​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ"»។

អាន វិវរណៈ 2