វិវរណៈ 2:8-17

វិវរណៈ 2:8-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ស្មៀរ‌ណា​ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កម្សត់​ទុគ៌ត តែ​តាម​ពិត អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់​ងាយ​អ្នក តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារ*​សាតាំង។ កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំ‌ឃាំង ដើម្បី​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រង‌ទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក​ទុក​ជា​មកុដ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​ឡើយ”»។ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម​ជំនុំ*​នៅ​ក្រុង​ពើកា‌ម៉ុស ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កន្លែង​អ្នក​រស់​នៅ​ហើយ គឺ​អ្នក​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​មារ*​សាតាំង។ អ្នក​នៅ​តែ​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​នឹង​យើង​ជានិច្ច​ សូម្បី​តែ​នៅ​គ្រា​ដែល​គេ​សម្លាប់​អាន់ទី‌ប៉ាស ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ក៏​អ្នក​ពុំ​បាន​លះ‌បង់​ចោល​ជំនឿ​របស់​អ្នក​ចំពោះ​យើង​ដែរ។ គេ​បាន​សម្លាប់​គាត់​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា គឺ​នៅ​កន្លែង​ដែល​មារ​សាតាំង​នៅ។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់​ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីលធម៌។ រីឯ​អ្នក​វិញ​ក៏​ដូច្នោះ​ដែរ គឺ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​របៀប​នេះ​ដូច​គ្នា។ ដូច្នេះ ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យក​ដាវ​ដែល​ចេញ​ពី​មាត់​យើង មក​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ទៀត​ផង។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ​មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ‌លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:8-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺ‌ណា​ថា៖ ព្រះ​ដ៏​ជា​ដើម និង​ជា​ចុង ដែល​បាន​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​ទុក្ខ​វេទនា និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ ប៉ុន្តែ តាម​ពិត​អ្នក​ជា​អ្នក​មាន ក៏​ស្គាល់​អស់​អ្នក​ដែល​ប្រមាថ​អ្នក ដែល​ថា​ខ្លួន​ជា​សាសន៍​យូដា តែ​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង​វិញ។ កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ពើ‌កាម៉ុស​ថា៖ ព្រះ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅ​ហើយ គឺ​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង តែ​អ្នក​កាន់​ខ្ជាប់​តាម​ឈ្មោះ​យើង ហើយ​មិន​បាន​បោះ‌បង់​ចោល​ជំនឿ​ដល់​យើង​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សម្លាប់​អាន់‌ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ។ ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​ដែរ។ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ ហើយ​ច្បាំង​នឹង​គេ ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ នៅ​លើ​ក្រួស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែង​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ"»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:8-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្ដី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិន​មែន​សាសន៍​យូដា​ទេ គឺ​ជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ‌ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើ‌កាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​នឹង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

ចែក​រំលែក
អាន វិវរណៈ 2