ទំនុកតម្កើង 94

94
ព្រះ​ជា​អ្នក​សង‌សឹក​ឲ្យ​មនុស្ស​សុចរិត
1ឱ​ព្រះ‌យេហូវ៉ាអើយ
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ការ​សង‌សឹក
ឱ​ព្រះ​នៃ​ការ​សង‌សឹក​អើយ សូម​ភ្លឺ​មក!
2ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ក្រោក​ឡើង
សូម​សង​ដល់​មនុស្ស​អំនួត
ឲ្យ​សម​នឹង​អំពើ​របស់​គេ!
3ឱ​ព្រះ‌យេហូវ៉ា​អើយ
តើ​មនុស្ស​អាក្រក់​នឹង​នៅ​ដល់​កាល​ណា?
តើ​មនុស្ស​អាក្រក់​នឹង​តម្កើង​ខ្លួន
ដល់​កាល​ណា​ទៀត?
4៙ គេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
គេ​នាំ​គ្នា​អួត​អាង។
5ឱ​ព្រះ‌យេហូវ៉ា​អើយ
គេ​ញាំ‌ញី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ហើយ​ធ្វើ​ទុក្ខ​មត៌ក របស់​ព្រះ‌អង្គ។
6គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ពួក​អ្នក​ស្នាក់​អាស្រ័យ
គេ​ធ្វើ​ឃាត​ក្មេង​កំព្រា
7ហើយគេ​ពោល​ថា
«ព្រះ‌យេហូវ៉ា មើល​មិន​ឃើញ​ទេ
ព្រះ​របស់លោក​យ៉ាកុប​មិន​រវីរវល់​ឡើយ»។
8៙ ឱ​មនុស្ស​កំរោល​ក្នុង​បណ្ដា‌ជន​អើយ
ចូរ​ស្វែង​យល់ទៅ!
មនុស្សល្ងង់​ខ្លៅ​អើយ
តើ​ពេល​ណា​ទើបអ្នក​រាល់​គ្នា​មាន​ប្រាជ្ញា?
9ព្រះ‌អង្គ​ដែល​បាន​បង្កើត​ត្រចៀក​មក
តើ​ព្រះ‌អង្គ​មិន​ឮ​ទេ​ឬ?
ព្រះ‌អង្គ​ដែល​បាន​សូន​ធ្វើ​ភ្នែក
តើ​ព្រះ‌អង្គ​មើល​មិន​ឃើញ​ទេ​ឬ?
10ព្រះ‌អង្គ​ដែល​វាយ​ប្រដៅ​អស់​ទាំង​សាសន៍
តើ​ព្រះ‌អង្គ​មិន​វាយ​ផ្ចាល​ទេ​ឬ?
ព្រះ‌អង្គ​ដែល​បង្រៀន​មនុស្ស​ឲ្យ​មាន​ចំណេះ
11គឺ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជ្រាប​គំនិត​របស់​មនុស្ស ថា
គេ​ជា​មនុស្ស​ដែល​នៅ​តែ​មួយ​ដង្ហើមប៉ុណ្ណោះ។
12៙ ឱ​ព្រះ‌យេហូវ៉ា អើយ មាន​ពរ​ហើយ
មនុស្ស​ណា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល
ហើយ​បង្ហាត់​បង្រៀន​តាម​ក្រឹត្យ‌វិន័យ
របស់​ព្រះ‌អង្គ
13ដើម្បីប្រទាន​ឲ្យ​គេ​បាន​សម្រាក​នៅ​ថ្ងៃ​អាក្រក់
ដរាប​ដល់​គេ​ជីក​រណ្តៅ
ទុក​សម្រាប់​មនុស្សអាក្រក់។
14ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល
ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឡើយ
ព្រះ‌អង្គ​នឹង​មិន​បោះ‌បង់​មត៌ក​របស់​ព្រះ‌អង្គ
ចោល​ជាដាច់​ខាត
15ដ្បិត​យុត្តិធម៌​នឹង​វិល​មក​រក​មនុស្ស​សុចរិត​វិញ
ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
នឹង​ប្រព្រឹត្ត​តាម។
16៙ តើ​អ្នក​ណា​ក្រោក​ឡើង​ជំនួស​ខ្ញុំ
ដើម្បីទាស់នឹង​មនុស្ស​អាក្រក់?
តើ​អ្នក​ណា​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​នឹង​អស់អ្នក
ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត?
17ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​បាន​ជួយ​ខ្ញុំ​ទេ
ព្រលឹង​ខ្ញុំ​មុខ​ជាបានទៅ​នៅ
ក្នុង​ស្ថាន​ស្ងាត់​ឈឹង​ភ្លាម​មិន​ខាន។
18ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​គិត​ថា
«ជើង​ទូល‌បង្គំ​រអិល​ហើយ»
នោះព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ
ជួយ​ទ្រ​ទូល‌បង្គំ។
19កាល​ទូល‌បង្គំ​មាន​កង្វល់​ជា​ច្រើន​នៅ​ក្នុង​ចិត្ត
នោះ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ‌អង្គ
ធ្វើឲ្យ​ព្រលឹង​ទូល‌បង្គំ​បាន​រីក‌រាយ។
20តើ​ពួក​មេ​នៃ​សេចក្ដី​អាក្រក់
គឺ​អស់​អ្នក​ដែល​បង្កើតរឿង​ប្រទូស‌រ៉ាយ
ដោយ​អាង​មាត្រា​ច្បាប់
អាច​មានសម្ព័ន្ធ​មិត្ត​ជាមួយ​ព្រះ‌អង្គ​បាន​ឬ?
21គេ​លើក​គ្នា​ទាស់​នឹង​ជីវិត​មនុស្ស​សុចរិត
ហើយ​គេ​កាត់​ទោស​ប្រហារ​ជីវិត
មនុស្ស​ស្មោះ‌ត្រង់។
22ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​មាំ​មួន​នៃ​ទូល‌បង្គំ
ហើយ​ព្រះ​នៃ​ទូល‌បង្គំ​ព្រះ‌អង្គ​ជា​ថ្ម​ដា
និង​ជា​ជម្រក​នៃ​ទូល‌បង្គំ។
23ព្រះ‌អង្គ​នឹង​សង​ទៅ​គេ​វិញ
តាម​អំពើ​ទុច្ចរិត​របស់​គេ
ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ
ដោយ​សារ​អំពើ​អាក្រក់​របស់​គេ
គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង
នឹងធ្វើ​ឲ្យ​គេ​វិនាស​សូន្យ​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 94: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល