ទំនុកតម្កើង 92
92
ពាក្យព្រះគុណសម្រាប់ព្រះពររបស់ព្រះ
ទំនុកតម្កើង។ ជាបទចម្រៀងសម្រាប់ថ្ងៃសប្ប័ទ។
1នេះជាការប្រពៃណាស់
ដែលអរព្រះគុណដល់ព្រះយេហូវ៉ា
ហើយច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ
ឱព្រះដ៏ខ្ពស់បំផុតអើយ!
2ដើម្បីប្រកាសអំពីព្រះហឫទ័យសប្បុរស
របស់ព្រះអង្គនៅពេលព្រឹក
និងអំពីព្រះហឫទ័យស្មោះត្រង់
របស់ព្រះអង្គនៅពេលយប់
3ដោយប្រដាប់ភ្លេងមានខ្សែដប់ និងពិណ
ដោយសូរចាប់ស៊ុងយ៉ាងរងំ
4ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ
រីករាយនឹងកិច្ចការរបស់ព្រះអង្គ
ទូលបង្គំច្រៀងដោយអំណរ
ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។
5៙ ឱព្រះយេហូវ៉ាអើយ
ស្នាព្រះហស្តរបស់ព្រះអង្គធំអស្ចារ្យណាស់
ព្រះតម្រិះរបស់ព្រះអង្គក៏ជ្រៅពន់ពេក!
6មនុស្សកំរោលមិនដឹងអ្វីទេ
ហើយមនុស្សឆោតល្ងង់
ក៏មិនយល់សេចក្ដីនេះដែរ
7ទោះជាមនុស្សអាក្រក់ដុះឡើងដូចជាស្មៅ
ហើយមនុស្សប្រព្រឹត្តអំពើទុច្ចរិត
លូតលាស់ឡើងក៏ដោយ
ក៏គង់តែគេនឹងត្រូវវិនាសអន្តរាយជារៀងរហូត
8រីឯព្រះអង្គវិញ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាព្រះដ៏ខ្ពស់អស់កល្បជានិច្ច។
9ដ្បិត ឱព្រះយេហូវ៉ាអើយ
សូមទតមើលខ្មាំងសត្រូវរបស់ព្រះអង្គ
មើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គ នឹងត្រូវវិនាសទៅ
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
នឹងត្រូវខ្ចាត់ខ្ចាយអស់។
10៙ ប៉ុន្ដែ ព្រះអង្គបានតម្កើងស្នែង
របស់ទូលបង្គំឡើង ដូចស្នែងគោព្រៃ
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
11ភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ
របស់ទូលបង្គំធ្លាក់ចុះ
ហើយត្រចៀកទូលបង្គំក៏បានឮពីមហន្តរាយ
របស់អស់អ្នកដែលប្រព្រឹត្តអាក្រក់
មកលើទូលបង្គំដែរ។
12៙ មនុស្សសុចរិតនឹងលូតលាស់ឡើង
ដូចដើមលម៉ើ
ក៏ចម្រើនឡើង ដូចដើមតាត្រៅ
នៅលើភ្នំល្បាណូន។
13គេដូចជាដើមឈើដែលដុះ
នៅក្នុងដំណាក់នៃព្រះយេហូវ៉ា
គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។
14គេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់
គេនៅតែមានជ័រជាបរិបូរ
ហើយនៅតែខៀវខ្ចីជានិច្ច
15ដើម្បីសម្ដែងឲ្យឃើញថា
ព្រះយេហូវ៉ាទៀងត្រង់
ព្រះអង្គជាថ្មដារបស់ខ្ញុំ
ហើយគ្មានអំពើទុច្ចរិតណា
នៅក្នុងព្រះអង្គឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 92: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies