ខ្ញុំបន្លឺសំឡេងស្រែករកព្រះ គឺស្រែករកព្រះយ៉ាងឮ ហើយព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំ។ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។ ពេលខ្ញុំនឹកដល់ព្រះ ខ្ញុំស្រែកថ្ងូរ ពេលខ្ញុំសញ្ជឹងគិត វិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់ ៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។ ទូលបង្គំពិចារណាពីសម័យចាស់បុរាណ ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។ ទូលបង្គំនឹកឃើញទំនុក ដែលធ្លាប់ច្រៀងនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វះស្វែងរកចម្លើយ។ តើព្រះអម្ចាស់បោះបង់ចោលរហូត ហើយមិនគាប់ព្រះហឫទ័យទៀតទេឬ? តើព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ លែងមានរហូតហើយឬ? តើសេចក្ដីសន្យារបស់ព្រះអង្គ ខកខានរហូតហើយឬ? តើព្រះភ្លេចសម្ដែងព្រះគុណហើយឬ? តើព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គទុក ដោយសារទ្រង់ខ្ញាល់ឬ? –បង្អង់ ពេលនោះ ទូលបង្គំគិតថា «នេះជាទុក្ខព្រួយរបស់ទូលបង្គំទេ ដែលយល់ថា ព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រែប្រួល»។ ៙ ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះយេហូវ៉ា អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ទូលបង្គំនឹងសញ្ជឹងគិតពីអស់ទាំងកិច្ចការ របស់ព្រះអង្គ ហើយពិចារណាពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។ ឱព្រះអើយ ផ្លូវរបស់ព្រះអង្គ ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំឧត្តុង្គឧត្តម ដូចព្រះនៃយើង? ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព របស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍នានា។ ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះពាហុរបស់ព្រះអង្គ គឺកូនចៅលោកយ៉ាកុប និងលោកយ៉ូសែប។ –បង្អង់ ៙ ឱព្រះអើយ សមុទ្របានឃើញព្រះអង្គ គឺកាលសមុទ្របានឃើញព្រះអង្គ នោះក៏មានសេចក្ដីភិតភ័យ មែន ទីជម្រៅក៏ញាប់ញ័រដែរ។ ពពកបានបង្អុលទឹកចេញមក ផ្ទៃមេឃក៏បញ្ចេញផ្គរលាន់ ហើយព្រួញរបស់ព្រះអង្គជះពន្លឺទៅគ្រប់ទិស។ សូរសៀងផ្គរលាន់របស់ព្រះអង្គ នៅក្នុងខ្យល់កួច ផ្លេកបន្ទោររបស់ព្រះអង្គចាំងបំភ្លឺពិភពលោក ផែនដីក៏រញ្ជួយ ហើយញាប់ញ័រ។ ផ្លូវរបស់ព្រះអង្គឆ្លងកាត់សមុទ្រ ផ្លូវច្រករបស់ព្រះអង្គឆ្លងកាត់មហាសាគរ តែគ្មានអ្នកណាឃើញដានព្រះបាទ របស់ព្រះអង្គឡើយ។ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដូចជាហ្វូងចៀម ដោយដៃរបស់លោកម៉ូសេ និងលោកអើរ៉ុន។
អាន ទំនុកតម្កើង 77
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 77:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ