ទំនុកតម្កើង 75

75
ពាក្យ​អរ​ព្រះ​គុណ​ចំពោះកិច្ច‌ការ​ដ៏​អស្ចារ្យរបស់​ព្រះ
ទំនុក​ជា​បទ​ចម្រៀង​របស់​លោក​អេសាភ សម្រាប់​មេ​ភ្លេង តាម​បទ «សូម​កុំ​បំផ្លាញ»។
1ឱ​ព្រះ​អើយ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
យើង​ខ្ញុំ​អរ​ព្រះ‌គុណ
ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌អង្គ​ស្ថិត​នៅ​ជិត
យើង​ខ្ញុំ​រៀប​រាប់​ពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
2៙ ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា
«ដល់​គ្រា​ដែល​យើង​កំណត់
យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។
3កាល​ផែនដី និង​អស់​ទាំង​មនុស្ស
នៅ​ផែនដី​រលាយ​ទៅ
គឺ​យើង​ដែល​ធ្វើ​ឲ្យ​សសរ​ផែនដី
នៅ​តែ​រឹង​មាំ»។ –បង្អង់
4ទូល‌បង្គំ​និយាយ​ទៅ​កាន់​មនុស្ស​អំនួត​ថា
«កុំ​អួត​ខ្លួន​ឡើយ»
ហើយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា
«កុំ​លើក​តម្កើង​ខ្លួន​ឲ្យ​សោះ
5កុំ​លើក​តម្កើង​ខ្លួន​ខ្ពស់
ឬ​និយាយ​ប្រហើន​ឡើយ»។
6៙ ដ្បិត​ការ​លើក​តម្កើង
មិន​មែន​មក​ពី​ទិស​ខាង​កើត
ឬ​មក​ពី​ទិស​ខាង​លិច
ហើយ​ក៏​មិន​មែន​មក​ពី​ទី​រហោ‌ស្ថាន​ដែរ
7គឺ​ព្រះ​ទេ​តើ ដែល​ព្រះ‌អង្គ​ជា​ចៅ‌ក្រម
ព្រះ‌អង្គ​បន្ទាប​ម្នាក់​ចុះ
ហើយ​លើក​ម្នាក់​ទៀត​ឡើង។
8ព្រោះ​ព្រះ‌យេហូវ៉ា​កាន់​ពែង​មួយ​នៅ​ព្រះ‌ហស្ត
ដែល​មាន​ស្រា​កំពុង​ឡើង​ពពុះ
ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ​ជាស្រេច
ព្រះ‌អង្គ​នឹង​ចាក់​បង្ហូរ​ពី​ពែង​នោះ
ហើយ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​នៅ​ផែនដី
ត្រូវ​តែ​ផឹក​សម្រេង​ពី​ពែង​នោះ​ទាល់​តែ​អស់។
9៙ តែ​ឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំ​នឹង​ប្រកាស​ពី​កិច្ច​ការ
របស់​ព្រះ‌អង្គ​ជា​ដរាប
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ
របស់​លោក​យ៉ាកុប។
10ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់
អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ
តែយើង​នឹង​លើក​ស្នែង
របស់​មនុស្ស​សុចរិត​ឡើង»។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 75: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល