ឱព្រះអើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ។ ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរឡើយ ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។ ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ បំពង់កទូលបង្គំស្ងួតហើយ ភ្នែកទូលបង្គំទៅជាស្រវាំង ដោយសារទន្ទឹងរង់ចាំព្រះនៃទូលបង្គំ។ ៙ អស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ អស់អ្នកដែល វាយប្រហារទូលបង្គំដោយឥតរឿង មានកម្លាំងខ្លាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ។ ឱព្រះអើយ ព្រះអង្គជ្រាបសេចក្ដីល្ងង់ខ្លៅ របស់ទូលបង្គំ កំហុសដែលទូលបង្គំបានប្រព្រឹត្ត ពុំអាចបិទបាំងនឹងព្រះអង្គឡើយ។ ៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមកុំឲ្យអស់អ្នកដែលសង្ឃឹម ដល់ព្រះអង្គត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ដោយព្រោះទូលបង្គំឲ្យសោះ។ ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។ ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃ ចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅចំពោះបងប្អូនពោះមួយ របស់ទូលបង្គំ។ ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។ កាលទូលបង្គំយំសោក ហើយដាក់ចិត្តតមអាហារ នោះធ្វើឲ្យគេតិះដៀលទូលបង្គំ។ កាលទូលបង្គំយកសំពត់ធ្មៃ មកធ្វើជាសម្លៀកបំពាក់ នោះទូលបង្គំត្រឡប់ជាពាក្យ លេងសើចរបស់គេ។ អស់អ្នកដែលអង្គុយនៅទ្វារក្រុង នាំគ្នានិយាយដើមទូលបង្គំ ហើយមនុស្សប្រមឹក យករឿងទូលបង្គំទៅធ្វើជាទំនុកច្រៀង។ ៙ ប៉ុន្តែ ឯទូលបង្គំវិញ ឱព្រះយេហូវ៉ាអើយ ពាក្យអធិស្ឋានរបស់ទូលបង្គំ គឺតម្រង់ទៅឯព្រះអង្គ។ នៅពេលគាប់ព្រះហឫទ័យ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង ដោយការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះអង្គ។ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ សូមឲ្យទូលបង្គំបានរួចពីខ្មាំងសត្រូវរបស់ទូលបង្គំ និងពីទឹកដ៏ជ្រៅនេះផង! សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំ ដ្បិតព្រះហឫទ័យសប្បុរស របស់ព្រះអង្គល្អណាស់ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ សូមបែរមករកទូលបង្គំផង! សូមកុំលាក់ព្រះភក្ត្រពីអ្នកបម្រើ របស់ព្រះអង្គឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានអាសន្នហើយ។ ៙ សូមយាងមកជិតទូលបង្គំ សូមលោះទូលបង្គំ ដោយព្រោះខ្មាំងសត្រូវរបស់ទូលបង្គំ សូមដោះទូលបង្គំឲ្យរួចផង!។ ព្រះអង្គជ្រាបពាក្យដំណៀលមកលើទូលបង្គំ ពីសេចក្ដីអាម៉ាស់ និងសេចក្ដីអាប់ឱនរបស់ទូលបង្គំ ព្រះអង្គស្គាល់បច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំហើយ។ ពាក្យដំណៀលបានញាំញីចិត្តទូលបង្គំ ដល់ម៉្លេះបានជាទូលបង្គំអស់សង្ឃឹម ទូលបង្គំសង្ឃឹមថានឹងមានគេអាណិត តែគ្មានសោះ ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។ គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ ហើយកាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យទៅជាអង្គប់ដល់គេវិញ ។ សូមឲ្យភ្នែករបស់គេទៅជាងងឹត ដើម្បីកុំឲ្យគេមើលឃើញ ហើយសូមឲ្យចង្កេះគេញ័ររហូតទៅ។ សូមចាក់សេចក្ដីក្ដៅក្រហាយ របស់ព្រះអង្គទៅលើគេ ហើយសូមឲ្យសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គតាមទាន់គេ។ សូមឲ្យជំរំរបស់គេត្រូវចោលស្ងាត់ កុំឲ្យអ្នកណារស់នៅក្នុងជម្រករបស់គេឡើយ។ ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នក ដែលព្រះអង្គបានវាយ ហើយគេតំណាលពីការឈឺចាប់របស់អស់អ្នក ដែលព្រះអង្គបានវាយឲ្យរបួស។ សូមដាក់ទោស បន្ថែមលើទោសគេថែមទៀត សូមព្រះអង្គកុំឲ្យគេរួចខ្លួនឡើយ! សូមលុបគេចេញពីបញ្ជីជីវិតទៅ សូមកុំរាប់ឈ្មោះគេ ក្នុងចំណោមមនុស្សសុចរិតឡើយ ។ ៙ ឯទូលបង្គំវិញ ទូលបង្គំវេទនា ហើយឈឺចាប់ ឱព្រះអើយ សូមឲ្យការសង្គ្រោះរបស់ព្រះអង្គ លើកទូលបង្គំដាក់លើទីខ្ពស់ផង! ៙ ទូលបង្គំនឹងច្រៀងសរសើរព្រះនាមរបស់ព្រះ ដោយបទចម្រៀង ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយការអរព្រះគុណ។ បែបនេះនឹងគាប់ព្រះហឫទ័យ ដល់ព្រះយេហូវ៉ា ជាងការថ្វាយគោឈ្មោល ឬគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកទៅទៀត។ កាលមនុស្សទន់ទាបឃើញ គេនឹងសប្បាយរីករាយ។ អ្នករាល់គ្នាដែលស្វែងរកព្រះអើយ ចូរឲ្យចិត្តអ្នករាល់គ្នាស្រស់បស់ឡើង! ដ្បិតព្រះយេហូវ៉ា ព្រះសណ្ដាប់មនុស្សកម្សត់ទុគ៌ត ហើយមិនមើលងាយប្រជារាស្ត្រព្រះអង្គ ដែលជាប់ឃុំឃាំងឡើយ។ សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ រួមទាំងសមុទ្រ និងអ្វីៗដែលនៅក្នុងនោះ សរសើរតម្កើងព្រះអង្គដែរ។ ដ្បិតព្រះនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយសង់ក្រុងទាំងឡាយរបស់យូដាឡើង ប្រជាជននឹងរស់នៅក្នុងស្រុកនោះ រួចកាន់កាប់ស្រុកនោះជាមត៌ក ពូជពង្សរបស់អ្នកបម្រើព្រះអង្គ នឹងគ្រប់គ្រងស្រុកនោះជាមត៌ក ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងរស់នៅក្នុងស្រុកនោះ។
អាន ទំនុកតម្កើង 69
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 69:1-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ