ទំនុកតម្កើង 63

63
ការ​កម្សាន្ត​ចិត្ត និង​ការ​ធានា​អះ​អាង​នៅ​ចំពោះ​ព្រះ
ទំនុក​របស់​ស្តេច​ដាវីឌ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា ។
1ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត
ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ
រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ
ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។
2ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី​បរិសុទ្ធ
ទាំង​សម្លឹង​មើល​ព្រះចេស្ដា
និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។
3ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
វិសេស​ជាង​ជីវិត
បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។
4ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ
ដរាបអស់មួយ​ជីវិត​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង
ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។
5ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់
ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់
ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​បបូរ​មាត់​រីក‌រាយ
6ពេល​ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អង្គ​នៅ​ក្នុង​ដំណេក
ហើយសញ្ជឹង​គិត​ពី​ព្រះ‌អង្គ នៅ​វេលា​យាម​យប់
7ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល‌បង្គំ
ហើយ​នៅ​ក្រោម​ម្លប់នៃ​ស្លាប​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ច្រៀង​ដោយ​អំណរ។
8ព្រលឹង​ទូល‌បង្គំ​តាម​ព្រះ‌អង្គ​ប្រកិត
ព្រះ‌ហស្ត​ស្តាំរបស់​ព្រះ‌អង្គ ក៏​ទ្រ​ទ្រង់​ទូល‌បង្គំ។
9រីឯ​អស់​អ្នក​ដែលស្វែង​រក​បំផ្លាញ​ជីវិត​ទូល‌បង្គំ
នឹង​ត្រូវ​ចុះ​ទៅ​ក្នុង​ជម្រៅ​នៃ​ផែនដី
10គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​អំណាច​ដាវ
គេ​នឹង​បាន​ជា​អាហារ​ដល់​ឆ្កែ​ព្រែ។
11ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ
អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ
នឹងមាន​ចិត្ត​ត្រេក​អរឡើង
ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក
នឹង​ត្រូវ​បិទ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 63: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល