ទំនុកតម្កើង 5

5
ទុក​ចិត្ត​ដល់​ព្រះ ឲ្យ​ព្រះ‌អង្គ​រំដោះ​ពី​ខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​របស់​ទូល‌បង្គំ
សូម​ពិចារណា​សម្រែក​ឈឺ​ចាប់
របស់​ទូល‌បង្គំផង។
2ឱ​ព្រះ​មហា‌ក្សត្រ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​អធិស្ឋាន​រក​ព្រះ‌អង្គ។
3ឱ​ព្រះ‌យេហូវ៉ា​អើយ
នៅ​ពេល​ព្រឹក ព្រះ‌អង្គ​ឮ​សំឡេង​របស់​ទូល‌បង្គំ
នៅ​ពេល​ព្រឹក ទូល‌បង្គំ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌អង្គ
ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង។
4ដ្បិត​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ
ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
អំពើ​អាក្រក់​មិន​អាច​នៅ​ជា​មួយ
ព្រះ‌អង្គ​បាន​ឡើយ។
5មនុស្ស​ព្រហើនមិន​អាច​ឈរ
នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ​បាន​ទេ
ព្រះ‌អង្គ​ស្អប់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
6ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ពោល​ពាក្យ​ភូត‌ភរ
ព្រះ‌យេហូវ៉ាស្អប់​ខ្ពើម​មនុស្ស​កម្ចាយ​ឈាម
និងមនុស្ស​បោក​ប្រាស់។
7ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចូល
ទៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ដ៏​បរិបូរ​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹងក្រាប​ថ្វាយ‌បង្គំ
ឆ្ពោះ​ទៅ​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ដោយ​កោត​ខ្លាច​ដល់​ព្រះ‌អង្គ។
8ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
សូម​ធ្វើ​ឲ្យ​ផ្លូវរបស់​ព្រះ‌អង្គ
ត្រង់​នៅ​មុខ​ទូល‌បង្គំ​ផង។
9ដ្បិត​នៅ​ក្នុង​មាត់​របស់​គេ គ្មាន​សេចក្ដី​ពិត​ឡើយ
ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​វិនាស
បំពង់​ករបស់​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ
អណ្ដាត​របស់​គេ​មាន​តែ​ពាក្យ​បញ្ចើចបញ្ចើ។
10ឱ​ព្រះ‌អង្គ​អើយ សូម​កាត់​ទោស​គេ
សូម​ឲ្យ​គេ​ដួល​ចុះ
ដោយ​សារ​ឧបាយ​របស់​ខ្លួន​គេ
សូម​បណ្តេញ​គេ​ចេញ
ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ
ដែល​ច្រើន​ឥត​គណនា
ដ្បិត​គេ​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​ហើយ។
11តែ​សូម​ឲ្យ​អស់​អ្នក​ដែល​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ
បាន​រីក‌រាយ​ឡើង
សូម​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ
សូម​ព្រះ‌អង្គ​រក្សា​ការ​ពារ​គេ
ហើយ​សូម​ឲ្យ​អស់​អ្នក
ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
បាន​ត្រេក‌អរក្នុង​ព្រះ‌អង្គ។
12ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ប្រទាន​ពរ​មនុស្ស​សុចរិត
ព្រះ‌អង្គ​គ្រប​បាំង​អ្នក​ទាំង​នោះ​ជុំ‌វិញ
ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល