ទំនុកតម្កើង 5
5
ទុកចិត្តដល់ព្រះ ឲ្យព្រះអង្គរំដោះពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយខ្លុយ។
1ឱព្រះយេហូវ៉ាអើយ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ
សូមពិចារណាសម្រែកឈឺចាប់
របស់ទូលបង្គំផង។
2ឱព្រះមហាក្សត្រ ជាព្រះនៃទូលបង្គំអើយ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែករបស់ទូលបង្គំ
ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
3ឱព្រះយេហូវ៉ាអើយ
នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ
នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ
ព្រមទាំងរក្សាពេលចាំយាមផង។
4ដ្បិតព្រះអង្គមិនមែនជាព្រះ
ដែលសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ
អំពើអាក្រក់មិនអាចនៅជាមួយ
ព្រះអង្គបានឡើយ។
5មនុស្សព្រហើនមិនអាចឈរ
នៅចំពោះព្រះនេត្រព្រះអង្គបានទេ
ព្រះអង្គស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
6ព្រះអង្គបំផ្លាញអស់អ្នកដែលពោលពាក្យភូតភរ
ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សកម្ចាយឈាម
និងមនុស្សបោកប្រាស់។
7ឯទូលបង្គំវិញ ទូលបង្គំនឹងចូល
ទៅក្នុងដំណាក់ព្រះអង្គ
ដោយសារព្រះហឫទ័យសប្បុរស
ដ៏បរិបូររបស់ព្រះអង្គ
ទូលបង្គំនឹងក្រាបថ្វាយបង្គំ
ឆ្ពោះទៅព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ
ដោយកោតខ្លាចដល់ព្រះអង្គ។
8ឱព្រះយេហូវ៉ាអើយ
សូមនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គ
ដោយព្រោះពួកខ្មាំងសត្រូវរបស់ទូលបង្គំ
សូមធ្វើឲ្យផ្លូវរបស់ព្រះអង្គ
ត្រង់នៅមុខទូលបង្គំផង។
9ដ្បិតនៅក្នុងមាត់របស់គេ គ្មានសេចក្ដីពិតឡើយ
ខាងក្នុងគេមានសុទ្ធតែសេចក្ដីវិនាស
បំពង់ករបស់គេជាផ្នូរខ្មោចនៅចំហ
អណ្ដាតរបស់គេមានតែពាក្យបញ្ចើចបញ្ចើ។
10ឱព្រះអង្គអើយ សូមកាត់ទោសគេ
សូមឲ្យគេដួលចុះ
ដោយសារឧបាយរបស់ខ្លួនគេ
សូមបណ្តេញគេចេញ
ដោយព្រោះអំពើរំលងរបស់គេ
ដែលច្រើនឥតគណនា
ដ្បិតគេបានបះបោរនឹងព្រះអង្គហើយ។
11តែសូមឲ្យអស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ
បានរីករាយឡើង
សូមឲ្យគេច្រៀងដោយអំណរ
សូមព្រះអង្គរក្សាការពារគេ
ហើយសូមឲ្យអស់អ្នក
ដែលស្រឡាញ់ដល់ព្រះនាមព្រះអង្គ
បានត្រេកអរក្នុងព្រះអង្គ។
12ដ្បិត ឱព្រះយេហូវ៉ាអើយ
ព្រះអង្គប្រទានពរមនុស្សសុចរិត
ព្រះអង្គគ្របបាំងអ្នកទាំងនោះជុំវិញ
ដោយព្រះគុណ ទុកដូចជាខែល។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies