ទំនុកតម្កើង 48

48
សិរី​ល្អ និងឥទ្ធិឫទ្ធិ​នៃ​ក្រុង​ស៊ីយ៉ូន
ទំនុក​ចម្រៀង​ជា​របស់​កូន​ចៅ​កូរេ។
1ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម
ហើយ​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង
នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង!
ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ
2គឺ​ភ្នំ​ស៊ីយ៉ូន ជា​ទី​ដ៏​ខ្ពស់ ហើយ​ល្អ​ក្រៃ​លែង
នៅ​ទិស​ខាង​ជើង
គឺ​ជា​ទី​ក្រុង​របស់​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ
ជា​ទី​អំណរ​ដល់​ផែនដី​ទាំង​មូល។
3នៅ​ក្នុង​បន្ទាយ​នៃ​ក្រុង​នោះ
ព្រះបាន​សម្ដែងអង្គ​ទ្រង់
ជា​អ្នក​ការ​ពារ​ទី​ក្រុង​នោះ។
4៙ ដ្បិត​មើល៍ ស្ដេច​ទាំង​ឡាយ​បាន​លើក​គ្នា
ហើយ​នាំ​គ្នា​ឡើង​មក​ព្រម​គ្នា។
5កាល​គេ​ឃើញ​ទី​ក្រុង​នោះ គេ​ក៏​អស្ចារ្យ​ក្នុង​ចិត្ត
គេ​មាន​ចិត្ត​តក់‌ស្លុត គេ​រត់​ចេញ​ទៅ
6នៅ​ទី​នោះ គេ​កើត​មាន​ចិត្ត​ភ័យ​ញ័រ
ហើយ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ដែល​សម្រាល​កូន។
7ព្រះ‌អង្គ​បាន​បំបែក​នាវា​តើស៊ីស
ដោយ​ខ្យល់​ពី​ទិស​ខាង​កើត។
8កាល​យើង​បាន​ឮ នោះ​យើង​ក៏​បាន​ឃើញ
ក្នុង​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
គឺ​នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង
ព្រះ​នឹង​តាំង​ទី​ក្រុង​នោះ
ឲ្យ​រឹង​មាំ​រហូត​ត​ទៅ។ –បង្អង់
9៙ ឱ​ព្រះ​អើយ នៅ​កណ្ដាល​ព្រះ‌វិហារ
របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​រិះ​គិត
អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។
10ឱ​ព្រះ​អើយ ដូច​ព្រះ‌នាម​ព្រះ‌អង្គ
ល្បី​សុស‌សាយ​យ៉ាង​ណា
ការ​សរសើរ​តម្កើង​ព្រះ‌អង្គ
ក៏​ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី
យ៉ាង​នោះ​ដែរ។
ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ
មាន​ពេញ​ដោយ​សេចក្ដី​សុចរិត។
11គួរ​ឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​រីក​រាយ​ឡើង!
សូម​ឲ្យ​ពួក​កូន​ស្រី​ស្រុក​យូដា​បាន​អរ​សប្បាយ
ដោយ​ព្រោះ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ!
12ចូរ​ដើរចុះ​ឡើង​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ
ហើយ​រាប់​ចំនួន​ប៉ម​របស់​ទី​ក្រុង​នេះ​មើល
13ចូរ​ពិចារណា​មើល​កំផែង​ក្រុង​នេះ​ទៅ
ហើយ​ពិនិត្យមើលបន្ទាយ​ក្រុង​ផង
ដើម្បី​ឲ្យ​អ្នកបានតំណាល​ប្រាប់​មនុស្ស
ជំនាន់​ក្រោយ​ថា
14នេះ​ហើយ​ព្រះ គឺ​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង
អស់‌កល្ប​ជា‌និច្ច
ព្រះ‌អង្គ​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង
ជា​រៀង​រហូត​តទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 48: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល