ទំនុកតម្កើង 40

40
ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​ការ​រំដោះ​ឲ្យ​រួច និង​ពាក្យ​អធិស្ឋាន​សុំ​ជំនួយ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ដោយ​អំណត់
ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ
ហើយ​ព្រះ‌អង្គ​ឮ​សម្រែក​របស់​ខ្ញុំ។
2ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ
នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ
ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា
ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។
3ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ
ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះ​នៃ​យើង
មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច
គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។
4មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា
ជា​ទីទុក​ចិត្ត
ជា​អ្នក​ដែល​មិន​បែរ​ទៅ​រក​មនុស្ស​អំនួត
ឬ​ទៅ​រក​អស់​អ្នក​ដែលវង្វេង
ទៅ​តាម​សេចក្ដី​ភូត‌ភរ។
5៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
មាន​ច្រើន​ណាស់
ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ
គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម
ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។
ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស
រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ
នោះ​មាន​ច្រើន​ឥត​គណនា
មិន​អាច​រៀប​រាប់​អស់​ឡើយ។
6ព្រះ‌អង្គ​មិនចង់​បាន​យញ្ញ‌បូជា
និង​តង្វាយអ្វី​ទេ
តែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូល‌បង្គំ​ស្តាប់
ព្រះ‌អង្គ​មិនទាម​ទារ​តង្វាយ​ដុត
និងតង្វាយ​លោះ​បាប​ឡើយ។
7ពេល​នោះ ទូល‌បង្គំ​ពោល​ថា
«មើល៍ ទូល‌បង្គំ​មក​ហើយ
សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ
នៅ​ក្នុង​គម្ពីរ​ហើយ
8ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​រីក​រាយ
នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ
ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ»។
9ទូល‌បង្គំ​បានប្រកាស​ដំណឹង
ដ៏​រីករាយ​អំពី​ការ​រំដោះ​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ក្រុម​ជំនុំ​ធំ
មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ជ្រាប​ហើយ​ថា
ទូល‌បង្គំ​មិន​បាន​ទប់​មាត់​ឡើយ។
10ទូល‌បង្គំ​មិន​បាន​លាក់​ការ​រំដោះ​របស់​ព្រះ‌អង្គ
ទុក​ក្នុង​ចិត្ត​ឡើយ
ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់
និងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​វិញ
ក៏​មិន​បាន​បំបិទ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់
របស់​ព្រះ‌អង្គ នៅ​ក្នុង​ជំនុំ​ធំ​ដែរ។
11ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​កុំ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ឡើយ
សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
ថែ‌រក្សា​ទូល‌បង្គំ​ជា‌និច្ច។
12ដ្បិត​មាន​សេចក្ដី​អាក្រក់​ច្រើន​ឥត​គណនា
ព័ទ្ធ​ជុំ​វិញ​ទូល‌បង្គំ
អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ
បាន​តាម​ទូល‌បង្គំ​ទាន់​ហើយ
ទូល‌បង្គំ​មើល​មិន​ឃើញ​ទេ
អំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់
លើ​ក្បាល​ទូល‌បង្គំ​ទៅ​ទៀត
ហើយ​ចិត្ត​ទូល‌បង្គំ
ក៏​លែង​មាន​សង្ឃឹម​ទៀត​ដែរ។
13ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​រំដោះ​ទូល‌បង្គំ​ផង
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង!
14សូមឲ្យ​អស់​អ្នក​ដែល​ចង់​ឆក់​យក​ជីវិត​ទូល‌បង្គំ
ត្រូវ​ខ្មាស ហើយ​បាក់​មុខ​ទាំង​អស់​គ្នា!
សូម​ឲ្យ​អ្នក​ដែល​ប៉ង​ធ្វើឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់
ត្រូវ​ដក​ខ្លួន​ថយ ហើយ​អាម៉ាស់មុខ!
15សូម​ឲ្យ​អស់​អ្នក​ដែល​និយាយ​មក​ទូល‌បង្គំ​ថា
«ន៏ ន៏!» ឲ្យ​គេ​ត្រូវញាប់​ញ័រ
ព្រោះ​តែភាពអាម៉ាស់របស់​គេ​ទៅ!
16រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ
សូម​ឲ្យ​គេ​បាន​អរ​សប្បាយ
ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់
ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
បាន​ពោល​ជា‌និច្ច​ថា
«ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម!»
17រី​ឯ​ទូល‌បង្គំ ទូល‌បង្គំ​ក្រីក្រ ហើយ​ទុគ៌ត
ប៉ុន្តែ ព្រះ‌អម្ចាស់គិត​គូរ​ដល់​ទូល‌បង្គំ។
ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 40: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល