ទំនុកតម្កើង 25:1-15

ទំនុកតម្កើង 25:1-15 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​ផ្ចង់​ចិត្តគំនិត ទៅ​រក​ព្រះ‌អង្គ ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​អរ​សប្បាយ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ! អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ព្រះ‌អង្គ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ​ប៉ុណ្ណោះ ដែល​ត្រូវ​ខ្មាស។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ផង សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តាដ៏​ទន់​សន្ដោស និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដ្បិត​សេចក្ដី​ទាំង​នោះ មានតាំង​ពី​បុរាណ​រៀង​មក។ សូម​កុំ​នឹក​ចាំ​អំពើ​បាប ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ល្អ ហើយ​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្រៀន មនុស្ស​បាប​ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ។ ព្រះ‌អង្គ​នាំ​មនុស្ស​សុភាព ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​បង្រៀន​មនុស្ស​រាប​សារ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។ អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។ តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ឬ​ទេ? ព្រះ‌អង្គ​នឹង​បង្រៀន​អ្នក​នោះ ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ជ្រើស​រើស។ ព្រលឹង​អ្នក​នោះ​នឹង​នៅ​ជាប់ ក្នុង​សេចក្ដី​សុខ‌សាន្ត ហើយ​ពូជ‌ពង្ស​អ្នក​នោះ នឹង​បានគ្រង​ស្រុក​នេះ​ជា​មត៌ក។ មេត្រី​ភាព​របស់​ព្រះ‌យេហូវ៉ា គឺ​សម្រាប់​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់ សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​សម្លឹង​ឆ្លោះ​ទៅ​រក ព្រះ‌យេហូវ៉ា​ជា‌និច្ច ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំ ឲ្យ​រួច​ពី​អន្ទាក់។