ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមផ្ចង់ចិត្តគំនិត ទៅរកព្រះអង្គ ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ! អស់អ្នកដែលមានចិត្តសង្ឃឹមដល់ព្រះអង្គ នឹងមិនត្រូវខ្មាសឡើយ គឺមានតែអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុប៉ុណ្ណោះ ដែលត្រូវខ្មាស។ ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះហឫទ័យមេត្តាដ៏ទន់សន្ដោស និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដ្បិតសេចក្ដីទាំងនោះ មានតាំងពីបុរាណរៀងមក។ សូមកុំនឹកចាំអំពើបាប ដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គវិញ ដោយយល់ដល់ព្រះគុណរបស់ព្រះអង្គ។ ព្រះយេហូវ៉ាល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្រៀន មនុស្សបាបឲ្យស្គាល់ផ្លូវដែលត្រូវដើរ។ ព្រះអង្គនាំមនុស្សសុភាព ឲ្យប្រព្រឹត្តតាមមាគ៌ាដ៏ត្រឹមត្រូវ ហើយបង្រៀនមនុស្សរាបសារ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ។ អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា សុទ្ធតែប្រកបដោយ ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់ ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមអត់ទោសអំពើបាប ដ៏ធ្ងន់របស់ទូលបង្គំផង។ តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។ ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។ មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។ ភ្នែកទូលបង្គំសម្លឹងឆ្លោះទៅរក ព្រះយេហូវ៉ាជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំ ឲ្យរួចពីអន្ទាក់។
អាន ទំនុកតម្កើង 25
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 25:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ