ទំនុកតម្កើង 16

16
ចម្រៀង​នៃ​ការ​ទុក​ចិត្ត និងសុវត្ថិភាព​នៅ​ក្នុង​ព្រះ
ពាក្យ​កាព្យ​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ​អើយ សូម​ការពារ​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​យក​ព្រះ‌អង្គ​ជា​ទី​ជ្រក​កោន។
2ខ្ញុំ​ទូល​ព្រះ‌យេហូវ៉ា​ថា៖
«ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ
ក្រៅ​ពី​ព្រះ‌អង្គ ទូល‌បង្គំ​រក​សេចក្ដី​ល្អ
មិន​បាន​ឡើយ»។
3ចំណែក​ឯ​ពួក​បរិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ
គេ​ជា​មនុស្សដ៏​ប្រសើរ
ដែល​គាប់​ចិត្ត​ទូល‌បង្គំ​គ្រប់​ជំពូក។
4រីឯអស់​អ្នក​ដែល​បែរ​ទៅ​តាម​ព្រះ​ដទៃ
ទុក្ខ​លំបាក​របស់​គេកាន់​តែ​កើន​ឡើង
ទូល‌បង្គំ​មិន​ព្រម​ច្រួច​ឈាម
ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ
ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ
ដោយ​បបូរ​មាត់​ទូល‌បង្គំ​ដែរ។
5ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ
ហើយ​ជា​ពែង​របស់​ទូល‌បង្គំ
អនាគត​របស់​ទូល‌បង្គំ
ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។
6ខ្សែ​រង្វាស់​បាន​ធ្លាក់
នៅ​កន្លែង​គាប់​ចិត្ត​ដល់​ទូល‌បង្គំ
អើ ទូល‌បង្គំ​បាន​ទទួល​មត៌ក​ល្អ​ណាស់។
7ទូល‌បង្គំ​សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា
ដែល​ទ្រង់​ជួយ​គំនិត​ទូល‌បង្គំ
ចិត្តទូល‌បង្គំដាស់​តឿន​ទូល‌បង្គំ​នៅ​ពេល​យប់។
8ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា
នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច
ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។
9ហេតុ​នេះហើយ​បាន​ជា​ចិត្ត​ទូល‌បង្គំ​អរ​សប្បាយ
ហើយ​កិត្តិយស​នៃ​ទូល‌បង្គំ​បាន​រីក‌រាយ​ឡើង
រូប​សាច់​នៃ​ទូល‌បង្គំ​ក៏​នឹង​នៅ
ដោយ​សាន្ត‌ត្រាណ​ដែរ។
10ដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ព្រលឹង​ទូល‌បង្គំ
នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ
ក៏​មិន​ឲ្យអ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ។
11ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត
នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ
នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ
មាន​សេចក្ដី​រីករាយ ជា​ដរាប​ត​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល