ទំនុកតម្កើង 125

125
សុវត្ថិ‌ភាព​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ
ទំនុក​ច្រៀង​តាម​ថ្នាក់។
1អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូន
ដែល​មិន​អាច​រង្គើ​បាន​ឡើយ
គឺ​នៅ​ជាប់​ជា​រៀង​រហូត។
2មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា
ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ
ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ
រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។
3ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់
នឹង​មិន​ស្ថិត​លើ​ស្រុក​ដែល​ជា​ចំណែក
របស់​មនុស្ស​សុចរិត​ឡើយ
ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត
លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
4ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​សម្ដែង​សេចក្ដី​ល្អ
ដល់​អស់​អ្នក​ដែល​ជា​មនុស្ស​ល្អ
និង​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។
5ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក
ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ
ព្រះ‌យេហូវ៉ា​នឹង​នាំ​គេ​ចេញ​ទៅ
ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 125: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល