ទំនុកតម្កើង 119:89-176

ទំនុកតម្កើង 119:89-176 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​តាំង​ជាប់ នៅ​ស្ថាន‌សួគ៌រហូត​អស់‌កល្ប​ជា‌និច្ច។ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរដល់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ ព្រះ‌អង្គ​បាន​ប្រតិស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់។ អ្វីៗ​ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ​រហូត​ដល់​សព្វ​ថ្ងៃ ដោយ​សារ​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិតអ្វីៗ​ទាំង​អស់​សម្រាប់​បម្រើ​ព្រះ‌អង្គ។ ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​មុខជា​វិនាស ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ របស់​ទូល‌បង្គំ​មិន​ខាន។ ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។ ទូល‌បង្គំ​ជា​របស់​ព្រះ‌អង្គ​ហើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ មនុស្ស​អាក្រក់​ពួន​ចាំ​សម្លាប់​ទូល‌បង្គំ តែ​ទូល‌បង្គំ​ពិចារណា​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​បាន​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ដែន​កំណត់ តែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ធំ​ទូលាយ​ក្រៃលែង។ ៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ណាស់​ហ្ន៎! ទូល‌បង្គំ​រំពឹង​គិត​អំពី​ក្រឹត្យ‌វិន័យ នោះ​ដរាប​រាល់​ថ្ងៃ។ បទ‌បញ្ជា​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​ទូល‌បង្គំ​ជា‌និច្ច។ ទូល‌បង្គំ​មាន​យោបល់​ជាង​គ្រូ​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ​ទៀត ដ្បិត​ទូល‌បង្គំ​សញ្ជឹង​គិត​ពី​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​យល់​ដឹង​ជាង​មនុស្ស​ចាស់ ដ្បិត​ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​បាន​បង្ខាំង​ជើង ឲ្យ​វៀរ‌ចាក​ពី​អស់​ទាំង​ផ្លូវ​អាក្រក់ ដើម្បី​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ផ្អែម​ដល់​អណ្ដាត​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​ផ្អែម​ដល់​មាត់​ទូល‌បង្គំ​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត! ទូល‌បង្គំ​មាន​យោបល់​ដោយ‌សារ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហេតុនេះហើយ​បាន​ជា​ទូល‌បង្គំ ស្អប់​ដល់​អស់​ទាំង​ផ្លូវ​ភូតភរ។ ៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ស្បថ ហើយបាន​សម្រេច​តាម​ថា ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់ ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គផង! ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទទួល តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​ទូល‌បង្គំ ហើយ​សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គផង។ ជីវិត​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ តែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។ មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​មត៌ក​របស់​ទូល‌បង្គំជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​មាន​អំណរ។ ទូល‌បង្គំ​ដាក់​ចិត្ត​ដើម្បី​ធ្វើ​តាម​ច្បាប់ របស់​ព្រះ‌អង្គជា​ដរាប រហូត​ដល់​ចុង​បំផុត។ ៙ ទូល‌បង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ អ្នករាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម បទ‌បញ្ជា​របស់​ព្រះ​នៃ​ខ្ញុំ។ សូម​ទ្រទ្រង់​ទូល‌បង្គំ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូល‌បង្គំ​ឡើយ! សូម​ធ្វើ​ជា​បង្អែក​របស់​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​សេចក្ដី​សុខ ហើយបាន​គោរព​រាប់​អាន​ច្បាប់ របស់​ព្រះ‌អង្គ​ជា‌និច្ច! ព្រះ‌អង្គមិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង​ចេញ ពី​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិត​ឧបាយកល​របស់​គេ ជាសេចក្ដី​ឥត​ប្រយោជន៍។ ព្រះ‌អង្គ​ផាត់​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដី ដូច​គេ​ផាត់​សំរាម ហេតុនេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់ សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ។ រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ទូល‌បង្គំភ័យ​ខ្លាចការ​ជំនុំ​ជម្រះ របស់​ព្រះ‌អង្គ។ ៙ ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​ឲ្យ​ពួក​អ្នក ដែល​សង្កត់‌សង្កិន​ឡើយ។ សូម​ធានា​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​សង្កត់‌សង្កិន ទូល‌បង្គំ​ឡើយ។ ភ្នែក​ទូល‌បង្គំ​ស្រវាំង ដោយ​រង់​ចាំមើល ការ​សង្គ្រោះទូល‌បង្គំ​របស់​ព្រះ‌អង្គ និងរង់​ចាំ​មើល​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះ‌អង្គ​បាន​សម្រេច។ សូម​ប្រព្រឹត្ត​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយសូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ! នេះ​ជា​ពេល​ដែល​ព្រះ‌យេហូវ៉ា ចាត់​វិធាន​ការ​ហើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ល្មើស នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ហេតុ​នេះ ទូល‌បង្គំ​ស្រឡាញ់ បទ‌បញ្ជា​របស់​ព្រះ‌អង្គលើស​ជាង​មាស គឺ​លើស​ជាង​មាស​សុទ្ធ​ទៅ​ទៀត។ ហេតុ​នេះ ទូល‌បង្គំ​រាប់​ថា ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ត្រឹម‌ត្រូវ​ទាំង​អស់ ទូល‌បង្គំ​ស្អប់​គ្រប់​ទាំង​ផ្លូវ​ភូត​ភរ។ ៙ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នេះ​ហើយ​បាន​ជា​ព្រលឹង​ទូល‌បង្គំ ប្រតិ‌បត្តិ​តាម។ ការ​បើក​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រទាន​ឲ្យ​មាន​ពន្លឺ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់។ ទូល‌បង្គំ​ហា​មាត់ ដក​ដង្ហើម​ធំ ព្រោះ​ទូល‌បង្គំ​ចង់​បាន​បទ‌បញ្ជា របស់​ព្រះ‌អង្គ​ណាស់។ សូម​បែរ​មក​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ​ផង។ សូម​រក្សា​ជំហាន​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ហើយ​សូម​កុំ​ឲ្យ​អំពើ​ទុច្ចរិត​មាន​អំណាច លើ​ទូល‌បង្គំ​ឡើយ។ សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី ការ​សង្កត់‌សង្កិន​របស់​មនុស្ស ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង។ ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សុចរិត ហើយ​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ។ ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត និង​ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ទាំង​អស់។ ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ព្រោះ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ បាន​សម្រិត​សម្រាំង​យ៉ាង​ល្អ ហើយ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ស្រឡាញ់​ព្រះ​បន្ទូល​នេះ​ណាស់។ ទូល‌បង្គំ​ជា​មនុស្ស​តូច​តាច ហើយ​ត្រូវ​គេ​មើល‌ងាយ ប៉ុន្តែ ទូល‌បង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​ឡើយ។ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។ ទុក្ខ​លំបាក និង​ភាព​តាន​តឹង បាន​គ្រប​សង្កត់​ទូល‌បង្គំ តែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​ទី​រីក​រាយ​ដល់​ទូល‌បង្គំ។ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ សុចរិត​អស់​កល្ប​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។ ៙ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​មិន​បាន​លង់​លក់ នៅ​អស់​ទាំង​យាម​យប់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សញ្ជឹង​គិត អំពី​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​សេចក្ដី​យុត្តិធម៌​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​បៀត​បៀន​ទូល‌បង្គំ ដោយ​បំណង​អាក្រក់ នាំ​គ្នា​ចូល​មក​ជិត អ្នក​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ។ ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​ជិត ហើយ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់។ តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​ទាំង​នោះ​មក ឲ្យ​នៅ​អស់‌កល្ប​ជា‌និច្ច។ ៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។ សូម​ការពារ​រឿង​ក្ដី​របស់​ទូល‌បង្គំ ហើយ​លោះ​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គផង! ការ​សង្គ្រោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ ដ្បិត​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះ‌អង្គទេ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ធំ​វិសេស​ណាស់ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​វិន័យ​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​បៀត‌បៀន ហើយ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំមាន​គ្នា​ច្រើន ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ។ ទូល‌បង្គំ​មើល​ទៅ​មនុស្ស​ក្បត់​ដោយ​ស្អប់​ខ្ពើម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ សូមទត​មើល​ថា ទូល‌បង្គំ​ស្រឡាញ់ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​យ៉ាង​ណា! ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​រស់ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ។ បូក​រួម​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ពិត ហើយ​គ្រប់​ទាំង​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន ទូល‌បង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែ ចិត្ត​ទូល‌បង្គំ​ស្ញប់​ស្ញែង​នឹង​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​មនុស្ស​ដែល​ប្រទះ នឹង​របឹប​ដ៏​មាន​តម្លៃ។ ទូល‌បង្គំ​ស្អប់ ហើយ​ខ្ពើម​ពាក្យ​ភូតភរ តែទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ មួយ​ថ្ងៃ​ប្រាំពីរ​ដង ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ មាន​សេចក្ដី​សុខ​ដ៏​លើស​លុប គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សង្ឃឹម​ដល់​ការសង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ព្រលឹង​ទូល‌បង្គំប្រតិ‌បត្តិ​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ យ៉ាង​ក្រៃ‌លែង។ ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដ្បិត​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សម្រែក​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។ បបូរ​មាត់​ទូល‌បង្គំ​នឹង​ហូរ​ចេញ​ជា​ពាក្យ​សរសើរ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។ អណ្ដាត​ទូល‌បង្គំ​នឹង​ច្រៀង អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំងបទ‌បញ្ជា​របស់​ព្រះ‌អង្គ សុទ្ធ​តែ​សុចរិត​ទាំង​អស់។ សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បាន​ជ្រើស​រើស​យក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ចង់​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ។ សូម​ឲ្យ​ព្រលឹង​ទូល‌បង្គំ​រស់​នៅ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​វិន័យ​របស់​ព្រះ‌អង្គ ជួយ​ទូល‌បង្គំ​ផង។ ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ចៀម​ដែល​បាត់​បង់ សូម​យាង​មក​រក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​បទ​បញ្ជា របស់​ព្រះ‌អង្គ​ឡើយ។