៙ សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ បានប្រកបដោយគុណ ដើម្បីឲ្យទូលបង្គំបានរស់នៅ ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ! ព្រលឹងទូលបង្គំសោកសង្រេង ដោយចង់បាន វិន័យរបស់ព្រះអង្គគ្រប់ពេលវេលា។ ព្រះអង្គបន្ទោសមនុស្សព្រហើន ជាពួកអ្នកដែលត្រូវបណ្ដាសា ជាពួកអ្នកដែលវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គ។ សូមដកយកដំណៀល និងការមើលងាយចេញពីទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គហើយ។ ទោះបីពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំក៏ដោយ ក៏អ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិត ពីច្បាប់របស់ព្រះអង្គជានិច្ច។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ ហើយសេចក្ដីបន្ទាល់ទាំងនោះ ជាដំបូន្មានដល់ទូលបង្គំ។ ៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! កាលទូលបង្គំបានទូលរៀបរាប់ អំពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! សូមឲ្យទូលបង្គំបានយល់ផ្លូវ នៃព្រះឱវាទរបស់ព្រះអង្គ នោះទូលបង្គំនឹងសញ្ជឹងគិត អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង! សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង! ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ នៅមុខទូលបង្គំ។ ទូលបង្គំជាប់ចិត្តនឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ! ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។ ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។ សូមនាំទូលបង្គំទៅតាមផ្លូវច្រក នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងផ្លូវនោះណាស់។ សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ! សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។ សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក កោតខ្លាចព្រះអង្គ។ សូមបង្វែរពាក្យដំណៀល ដែលទូលបង្គំខ្លាចនោះចេញ ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។ មើល៍ ទូលបង្គំប្រាថ្នាចង់បាន ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។
អាន ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:17-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ