ទំនុកតម្កើង 103:6-22

ទំនុកតម្កើង 103:6-22 គកស១៦

៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យលោក​ម៉ូសេ ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ស្គាល់​កិច្ច‌ការ របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា និង​ប្រណី​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​បរិបូរ។ ព្រះ‌អង្គ​នឹង​មិន​បន្ទោសជានិច្ច ក៏​មិន​ប្រកាន់​រហូត​ដែរ។ ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​នឹង​យើង តាម​តែ​អំពើ​បាប​របស់​យើង​នោះ​ឡើយ ក៏​មិន​សង​តាម​តែ​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។ ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។ ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។ ៙ រី​ឯ​មនុស្ស​វិញ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ប៉ះ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​របស់​វា លែង​ស្គាល់​វា​ទៀត​ឡើយ។ តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ប្រតិ‌បត្តិ​តាម។ ៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច! អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!