ទំនុកតម្កើង 103:6-22
ទំនុកតម្កើង 103:6-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិត ព្រះអង្គរកយុត្តិធម៌ឲ្យ អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ ព្រះអង្គបង្ហាញឲ្យលោកម៉ូសេ ស្គាល់គម្រោងការរបស់ព្រះអង្គ ព្រះអង្គបង្ហាញឲ្យប្រជាជនអ៊ីស្រាអែល ស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យ មេត្តាករុណា។ ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេ ហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។ ព្រះអង្គមិនដាក់ទោសយើង ឲ្យសមនឹងអំពើបាប ដែលយើងប្រព្រឹត្តនោះឡើយ ហើយព្រះអង្គក៏មិនឲ្យយើងទទួលទោស សមនឹងកំហុសរបស់យើងនោះដែរ។ ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី គឺព្រះអង្គឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។ តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ព្រះអង្គឥតភ្លេចសោះឡើយ។ ព្រះអម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គ នៅស្ថានបរមសុខ ព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់។ ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែអនុវត្តតាម ព្រះបន្ទូលរបស់ព្រះអង្គ ហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។ អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែបម្រើព្រះអង្គ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច! ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ទំនុកតម្កើង 103:6-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះយេហូវ៉ាសម្រេចកិច្ចការដ៏សុចរិត និងយុត្តិធម៌ សម្រាប់អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ ព្រះអង្គបានបង្ហាញឲ្យលោកម៉ូសេ ស្គាល់ផ្លូវរបស់ព្រះអង្គ ហើយឲ្យប្រជាជនអ៊ីស្រាអែលស្គាល់កិច្ចការ របស់ព្រះអង្គ។ ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។ ព្រះអង្គនឹងមិនបន្ទោសជានិច្ច ក៏មិនប្រកាន់រហូតដែរ។ ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។ ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ ៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ទំនុកតម្កើង 103:6-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិត ហើយនឹងសេចក្ដីយុត្តិធម៌ ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការ របស់ទ្រង់ដែរ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត តែសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ សេចក្ដីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញាទ្រង់ នឹងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្ដីបញ្ញត្តទ្រង់ ដើម្បីនឹងប្រព្រឹត្តតាម ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់ ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ របស់ទ្រង់អើយ ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ អស់ទាំងស្នាដៃរបស់ទ្រង់អើយ ចូរសរសើរដល់ព្រះយេហូវ៉ា នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។