សុភា‌សិត 6:19-35

សុភា‌សិត 6:19-35 គកស១៦

និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។ កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្ដាំ របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ។ ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជា‌និច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង កាល​ណា​ឯង​ដើរ បណ្ដាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ ដំបូន្មាន​នោះ​នឹង​និយាយ​រក​ឯង។ ដ្បិត​ពាក្យ​បណ្ដាំ​នោះ ជា​ចង្កៀង ហើយ​ដំបូ‌ន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​អា‌ក្រក់ គឺ​ឲ្យ​រួច​ពី​អណ្ដាត​ដ៏​រអិល​របស់​ស្រី​ផិត​ក្បត់។ កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់ ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ ដ្បិត​ថ្លៃ​ឈ្នួល​របស់​ស្រី​ពេស្យា នោះ​ត្រឹម​តែ​នំបុ័ង​មួយ​ចំណិត​ប៉ុណ្ណោះ តែ​ប្រពន្ធ​របស់​អ្នក​ដទៃ​វិញ តែង​ដេញ​ចាប់​យក​ជីវិត​ដ៏​វិសេស។ តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​ទ្រូង ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ? តើ​នឹង​ដើរ​លើ​រងើក​ភ្លើង ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ។ មនុស្ស​រមែង​មិន​ស្អប់​ដល់​ចោរ គឺ​បើ​វា​លួច ឲ្យ​តែ​បាន​ឆ្អែត​ពោះ​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​ស្រេក​ឃ្លាន​នោះ​ទេ។ តែ​បើ​ទាន់​ឃើញ​វា នោះ​គង់​តែ​ត្រូវ​ឲ្យ​វា សង​មួយ​ជា​ប្រាំពីរ​វិញ​ដែរ វា​ត្រូវ​សង​ដល់​ទៅ​គ្រប់​របស់ ដែល​នៅ​ក្នុង​ផ្ទះ​ខ្លួន​ទាំង​អស់​ផង។ ប៉ុន្តែ ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ។ អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់​យស និង​លុប​សេចក្ដី​ត្មះ‌តិះ​ដៀល ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ។ ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង​សឹក​ទេ។ គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល តម្លៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនួន​ដល់​គេ​ជា​ច្រើន ក៏​ដោយ គង់​តែ​មិន​បាន​រម្ងាប់​ចិត្ត​ដែរ។

អាន សុភា‌សិត 6