កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង ដ្បិតឪពុកឲ្យឱវាទដ៏ល្អដល់កូន កុំបោះបង់ចោលសេចក្ដីបង្រៀន របស់ឪពុកឡើយ។ ដ្បិតពីដើមយើងជាកូនរបស់ឪពុកយើងដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្ដាច់ ដល់ម្តាយយើង ឪពុកបានបង្រៀនយើងដោយពាក្យថា «ចូរឲ្យចិត្តកូនរក្សាទុក អស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្ដាំរបស់យើង ដើម្បីឲ្យកូនបានរស់នៅ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យ ដែលមាត់យើងពោលដែរ។ កុំចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបម្រុងឯង។ ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។ ចូរតម្កើងប្រាជ្ញាឲ្យខ្ពស់ឡើងនោះ និងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់។ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ»។ ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់យើងចុះ នោះឯងនឹងបានអាយុយឺនយូរ។ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។ ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត។ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។ កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ។ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង។ ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។ ចូរបោះបង់ចោលមាត់ ដែលពោលពាក្យវៀចចេញពីឯងទៅ ព្រមទាំងបបូរមាត់ខូចឲ្យនៅឆ្ងាយពីឯងផង ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង បានត្រឹមត្រូវចុះ ។ កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។
អាន សុភាសិត 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 4:1-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ