សុភា‌សិត 4:1-27

សុភា‌សិត 4:1-27 គកស១៦

កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ហើយ​ផ្ចង់​ចិត្ត នោះ​ឯង​នឹង​បាន​ស្គាល់​ការ​ចេះ​ដឹង ដ្បិតឪពុក​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​កូន កុំ​បោះ‌បង់​ចោល​សេចក្ដី​បង្រៀន របស់ឪពុក​ឡើយ។ ដ្បិត​ពី​ដើម​យើង​ជា​កូន​របស់​ឪពុក​យើង​ដែរ គឺ​ជា​កូន​ទន់​ខ្ចី ជា​ទី​ស្រឡាញ់​បណ្ដាច់ ដល់​ម្តាយ​យើង ឪពុក​បាន​បង្រៀន​យើង​ដោយ​ពាក្យ​ថា «ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្ដាំ​របស់​យើង ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ដែរ។ កុំ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ​ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បម្រុង​ឯង។ ការ​ចាប់​ផ្ដើម​ឲ្យ​មាន​ប្រាជ្ញា គឺ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។ ចូរ​តម្កើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង​នោះ និង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិ‌សព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់។ ប្រាជ្ញា​នឹង​បំពាក់​គ្រឿង​ដ៏​វិសេស​លើ​ក្បាល​ឯង ហើយ​នឹង​ឲ្យ​ឯង​ពាក់​សិរី‌ល្អ​ទុក​ជា​មកុដ»។ ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​យើង​ចុះ នោះ​ឯង​នឹង​បាន​អាយុ​យឺន​យូរ។ យើង​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា យើង​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​ទៀង​ត្រង់ កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស​ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ។ ចូរ​តោង​ជាប់​តាម​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ ជា​ជីវិត​របស់​ឯង។ កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ។ ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត។ ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។ ព្រោះ​គេ​បរិ‌ភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត។ តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កម្លាំង។ ឯ​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។ កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី ដែល​យើង​ពោល​ទាំង​អម្បាល‌ម៉ាន។ កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្ដាល​ដួង​ចិត្ត​ឯង​វិញ។ ដ្បិត​សេចក្ដី​ទាំង​នោះ ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​បាន ក៏​ជា​សេចក្ដី​សុខ​ស្រួល ដល់​ខ្លួន​ប្រាណ​ទាំង​មូល​ផង។ ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក។ ចូរ​បោះ‌បង់​ចោល​មាត់ ដែល​ពោល​ពាក្យ​វៀច​ចេញ​ពី​ឯង​ទៅ ព្រម​ទាំង​បបូរ​មាត់​ខូច​ឲ្យ​នៅ​ឆ្ងាយ​ពី​ឯង​ផង ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។ ត្រូវ​ឲ្យ​ពិចារ‌ណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់​ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង បាន​ត្រឹម​ត្រូវ​ចុះ ។ កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

អាន សុភា‌សិត 4