សុភា‌សិត 31

31
សេចក្ដីបង្រៀន​របស់​មាតា​ព្រះបាទលេមយួល
1ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​មាតា​របស់​ព្រះ‌អង្គ​បាន​បង្រៀន
2កូន​អើយ កូន​ដែល​កើត​ពី​ផ្ទៃ​យើង​អើយ
ឱ​កូន​នៃ​បំណន់​យើង​អើយ
តើ​ត្រូវ​ឲ្យ​យើង​ប្រាប់​ឯង​ដូច​ម្តេច
3គឺ​កុំ​ឲ្យ​បង់​កម្លាំង​ឯង​ប្រគល់​ពួក​ស្រី
ឬ​អំពើ​ឯង​ដល់​ការ
ដែល​បំផ្លាញ​ពួក​ស្តេច​ឡើយ។
4ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច
សោយ​ស្រា​ទំពាំង‌បាយ‌ជូរ
គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក
ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ
5ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្តិ​ច្បាប់
ហើយ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌
ពី​មនុស្ស​ដែល​កើត​ទុក្ខ​វេទនា។
6ចូរ​ឲ្យ​គ្រឿង​ស្រវឹងដល់​អ្នក​ណា
ដែល​ហៀប​នឹង​វិនាស​ទៅ
ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក
ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ
7ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច
សេចក្ដី​កម្សត់​ទុគ៌ត​របស់​គេ
ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត។
8ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ
ក្នុង​រឿង​ក្តី​របស់​អស់​អ្នក
ដែល​ឥត​មាន​អ្នក​ណា​ជួយ។
9ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត
ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌
ដល់​មនុស្ស​កម្សត់​ទុគ៌ត
និង​មនុស្ស​ក្រ​លំបាក​ដែរ។
ពាក្យ​តំណាល​អំពី​ស្ត្រី​គ្រប់​លក្ខណ៍
10ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន
ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ
ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។
11ប្តី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង
ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ
12នាង​ធ្វើ​ឲ្យ​ប្តី​បាន​សេចក្ដី​ល្អ
មិន​មែន​អាក្រក់​ឡើយ​រហូត
ដល់​អស់​មួយ​ជីវិត​នាង។
13នាង​រក​រោម​ចៀម​នឹង​ខ្លូត‌ទេស
ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត
14នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ
គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ
15នាង​ក្រោក​ពី​ដេក​តាំង​ពី​នៅ​ងងឹត​នៅ​ឡើយ
ក៏​ចាត់‌ចែង​អាហារ​ឲ្យ​ពួក​ផ្ទះ
ហើយ​បង្គាប់​ការ​ដល់​ពួក​បាវ​ស្រី​ទាំង​ប៉ុន្មាន
16នាង​ពិចា‌រណា​មើល​ចម្ការ​មួយ
ហើយ​ក៏​ទិញ​ទុក
រួច​យក​ផល​នៃ​ស្នាដៃ​នាង
ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។
17នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង
ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ
18នាង​ឃើញ​ថា
ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កម្រៃ
ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ។
19នាង​ចាប់​យក​ហុង
ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ
20នាង​ឈោង​ដៃ​ដល់​មនុស្ស​កម្សត់​ទុគ៌ត
ហើយ​នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រ​លំបាក​ផង។
21ចំណែក​ពួក​ផ្ទះ​នាង
នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ
ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់
ស‌ក្លាត​ពណ៌​ក្រហម
22នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន
សម្លៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី
សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ។
23កាល​ណា​ប្តី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង
ក្នុង​ចំណោម​នៃ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក
នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ។
24នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សម្រាប់​លក់
ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ។
25នាង​មាន​កម្លាំង​នឹង​លម្អ​ជា​គ្រឿង​អម្ពរ
ក៏​នឹក​សើច​ពី​ហេតុ​ណា
ដែល​កើត​បាន​នៅ​ខាង​មុខ។
26នាង​ពោល​ដោយ​ប្រាជ្ញា
ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុ‌រស
27នាង​ថែ​មើល​អស់​ទាំង​ផ្លូវ
របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ
ឥត​ដែល​បរិ‌ភោគ​អាហារ
ដោយ​សេចក្ដី​កម្ជិល​ឡើយ
28កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង
គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ
ប្តី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា៖
29«មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត
ដោយ​គ្រប់​លក្ខណ៍
តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់»។
30រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត
ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រ‌យោជន៍​ដែរ
តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
នោះ​នឹង​មាន​គេ​សរសើរ​វិញ។
31ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត
ហើយ​ទុក​ឲ្យ​ស្នា​ដៃ​របស់​នាង
បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល