សុភាសិត 31
31
សេចក្ដីបង្រៀនរបស់មាតាព្រះបាទលេមយួល
1ឯពាក្យទាំងនេះ គឺជាព្រះបន្ទូលរបស់ស្តេចលេមយួល ជាសេចក្ដីទំនាយ ដែលមាតារបស់ព្រះអង្គបានបង្រៀន
2កូនអើយ កូនដែលកើតពីផ្ទៃយើងអើយ
ឱកូននៃបំណន់យើងអើយ
តើត្រូវឲ្យយើងប្រាប់ឯងដូចម្តេច
3គឺកុំឲ្យបង់កម្លាំងឯងប្រគល់ពួកស្រី
ឬអំពើឯងដល់ការ
ដែលបំផ្លាញពួកស្តេចឡើយ។
4ឱលេមយួលអើយ មិនគួរឲ្យពួកស្តេច
សោយស្រាទំពាំងបាយជូរ
គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នក
ដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ
5ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តិច្បាប់
ហើយបង្វែរសេចក្ដីយុត្តិធម៌
ពីមនុស្សដែលកើតទុក្ខវេទនា។
6ចូរឲ្យគ្រឿងស្រវឹងដល់អ្នកណា
ដែលហៀបនឹងវិនាសទៅ
ហើយស្រាទំពាំងបាយជូរដល់អ្នក
ដែលមានចិត្តជូរល្វីងវិញ
7ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេច
សេចក្ដីកម្សត់ទុគ៌តរបស់គេ
ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត។
8ចូរបើកមាត់និយាយជំនួសមនុស្សគ
ក្នុងរឿងក្តីរបស់អស់អ្នក
ដែលឥតមានអ្នកណាជួយ។
9ចូរបើកមាត់វិនិច្ឆ័យតាមសេចក្ដីសុចរិត
ហើយសម្រេចសេចក្ដីយុត្តិធម៌
ដល់មនុស្សកម្សត់ទុគ៌ត
និងមនុស្សក្រលំបាកដែរ។
ពាក្យតំណាលអំពីស្ត្រីគ្រប់លក្ខណ៍
10ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន
ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ
ជាជាងពួកត្បូងទទឹមទៅទៀត។
11ប្តីនាងនឹងទុកចិត្តចំពោះនាង
ហើយមិនត្រូវខ្វះខាតអ្វីឡើយ
12នាងធ្វើឲ្យប្តីបានសេចក្ដីល្អ
មិនមែនអាក្រក់ឡើយរហូត
ដល់អស់មួយជីវិតនាង។
13នាងរករោមចៀមនឹងខ្លូតទេស
ក៏ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្ត
14នាងធៀបដូចជានាវាដឹកទំនិញ
គឺនាងនាំយកអាហារមកពីទីឆ្ងាយ
15នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ
ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ
ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន
16នាងពិចារណាមើលចម្ការមួយ
ហើយក៏ទិញទុក
រួចយកផលនៃស្នាដៃនាង
ទៅដាំដំណាំទំពាំងបាយជូរ។
17នាងទម្លាប់ចង្កេះឲ្យមានកម្លាំង
ហើយឲ្យដៃបានខ្លាំងឡើងដែរ
18នាងឃើញថា
ទំនិញរបស់នាងសុទ្ធតែមានកម្រៃ
ហើយយប់ៗចង្កៀងនាងមិនរលត់ទេ។
19នាងចាប់យកហុង
ហើយម្រាមដៃក៏កាន់ខ្នារ
20នាងឈោងដៃដល់មនុស្សកម្សត់ទុគ៌ត
ហើយនាងហុចដៃទៅជួយមនុស្សក្រលំបាកផង។
21ចំណែកពួកផ្ទះនាង
នោះនាងមិនខ្លាចចំពោះហិមៈទេ
ដ្បិតគេសុទ្ធតែស្លៀកពាក់សំពត់
សក្លាតពណ៌ក្រហម
22នាងត្បាញសំពត់ដណ្តប់ខ្លួន
សម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពី
សំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ។
23កាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុង
ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក
នោះគេក៏ស្គាល់រាប់អានគាត់ដែរ។
24នាងក៏ធ្វើអាវខ្លូតទេសសម្រាប់លក់
ហើយធ្វើខ្សែក្រវាត់ឲ្យដល់អ្នកជំនួញ។
25នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ
ក៏នឹកសើចពីហេតុណា
ដែលកើតបាននៅខាងមុខ។
26នាងពោលដោយប្រាជ្ញា
ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស
27នាងថែមើលអស់ទាំងផ្លូវ
របស់ពួកផ្ទះនាងយ៉ាងល្អ
ឥតដែលបរិភោគអាហារ
ដោយសេចក្ដីកម្ជិលឡើយ
28កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង
គោរពដល់ម្តាយ ថាជាអ្នកមានពរ
ប្តីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា៖
29«មានស្រីៗជាច្រើនបានប្រព្រឹត្ត
ដោយគ្រប់លក្ខណ៍
តែនាងបានវិសេសលើសជាងគេទាំងអស់»។
30រូបឆោមឆាយជាសេចក្ដីបញ្ឆោត
ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ
តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា
នោះនឹងមានគេសរសើរវិញ។
31ចូរថ្លែងពីផលដែលដៃនាងបានបង្កើត
ហើយទុកឲ្យស្នាដៃរបស់នាង
បានជាទីសរសើរដល់នាងនៅទ្វារក្រុងចុះ។:៚
ទើបបានជ្រើសរើសហើយ៖
សុភាសិត 31: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies