សុភា‌សិត 30:20-33

សុភា‌សិត 30:20-33 គកស១៦

ឯ​ដំណើរ​របស់​ស្រី​ពេស្យា​រមែង​យ៉ាង​ដូច្នេះ គឺ​វា​ស៊ី​ហើយ​ជូត​មាត់ រួច​ពោល​ថា «ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ»។ មាន​ការ​បី​មុខ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ក៏​មាន​បួន​ផង ដែល​ផែនដី​ទ្រាំ​មិន​បាន គឺ​បាវ​បម្រើ​ដែល​បាន​ឡើង​ធ្វើ​ជា​ស្តេច​មួយ មនុស្ស​ឥត​របប ដែល​បាន​អាហារ​បរិបូរ​មួយ ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្តី​នោះ​មួយ និង​ស្រី​បម្រើ​ដែល​ជា​អ្នក​ស៊ី​មត៌ក ចៅ‌ហ្វាយ​វា​មួយ។ មាន​សត្វ​បួន​យ៉ាង ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប គឺ​ស្រមោច ជា​ពួក​សត្វ​ដែល​មាន​កម្លាំង​ខ្សោយ តែ​វា​តែង​តែ​ប្រមូល​ទុក​អាហារ​នៅ​រដូវ​ក្តៅ ទន្សាយ​ថ្ម ជា​ពួក​សត្វ​មិន​សូវ​មាន​កម្លាំង​ទេ តែ​វា​តាំង​លំ‌នៅ​វា​នៅ​ក្នុង​រូង​ថ្ម កណ្តូប​មួយ​ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ទាំង​ហ្វូងៗ។ ជីង‌ចក់ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង។ មាន​បី​មុខ ដែល​មាន​ដំណើរ​រុងរឿង ក៏​មាន​បួន​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ គឺ​សិង្ហជា​សត្វ​ខ្លាំង​ពូកែ លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ។ សេះ​ចម្បាំង ពពែ​ឈ្មោល និង​មហា‌ក្សត្រជា​អ្នក​ដែល​គ្មាន​អ្នក​ណា ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។ បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​គិតប្រព្រឹត្ត​អាក្រក់ ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ។ ដ្បិត​ការ​គ្រលុក​ទឹក​ដោះ​គោ នោះ​ធ្វើ​ឲ្យ​ចេញ​ជា​ខ្លាញ់ ហើយ​ការ​ដែល​ចាប់​មួល​ច្រមុះ នោះ​ធ្វើ​ឲ្យ​ចេញ​ឈាម​មក យ៉ាង​នោះ​ការ​ចាក់​រុក​ដោយ​ក្រោធ ក៏​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។

អាន សុភា‌សិត 30