សុភា‌សិត 3:13-26

សុភា‌សិត 3:13-26 គកស១៦

សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។ ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។ អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ ក៏​ជា​សេចក្ដី​សុខ​ដែរ។ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​ឯង។ នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ។ ប្រសិន​បើ​ឯង អង្គុយ​ចុះ ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​ឯង​ចូល​ដេក នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។ កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ព្រះ‌អង្គ​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។

អាន សុភា‌សិត 3