សុភាសិត 23
23
1កាលណាអ្នកអង្គុយបរិភោគភោជនាហារ
ជាមួយអ្នកគ្រប់គ្រង
ត្រូវពិចារណាអ្វីៗ ដែលនៅខាងមុខអ្នកចុះ
2បើឯងជាមនុស្សល្មោភខ្លាំង
ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។
3កុំលោភចង់បានឱជារស
របស់អ្នកគ្រប់គ្រងឡើយ
ដ្បិតជារបស់បញ្ឆោតទេ។
4កុំនឿយហត់ដល់ខ្លួន
ដើម្បីឲ្យបានជាអ្នកមានឡើយ
ក៏កុំប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។
5ពេលភ្នែករបស់អ្នកសម្លឹងមើលវា
វានឹងបាត់ទៅ
ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាប
ក៏នឹងហើរទៅលើមេឃដូចជាឥន្ទ្រី។
6កុំបរិភោគភោជនាហាររបស់មនុស្ស
ដែលមានភ្នែកអាក្រក់ឡើយ
ក៏កុំប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ
7ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ
គេអញ្ជើញអ្នកថា «អញ្ជើញពិសាចុះ!»
តែចិត្តគេមិននៅជាមួយអ្នកទេ។
8អាហារដែលអ្នកបានបរិភោគចូលទៅ
នោះនឹងក្អួតមកវិញ
ហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកទៅ។
9កុំនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ
ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញា
នៃពាក្យសម្ដីអ្នក។
10កុំបន្ថយគោលចារឹកពីបុរាណឡើយ
ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។
11ដ្បិតអ្នកដែលលោះគេ នោះមានកម្លាំងខ្លាំង
ក៏នឹងកាន់ក្តីគេទាស់នឹងអ្នកដែរ។
12ចូរផ្ចង់ចិត្តចំពោះសេចក្ដីប្រៀនប្រដៅ
ហើយផ្ទៀងត្រចៀកចំពោះពាក្យ
ដែលប្រកបដោយតម្រិះចុះ។
13កុំខាននឹងវាយប្រដៅកូនឡើយ
ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។
14គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ
អ្នកនឹងជួយព្រលឹងវាឲ្យរួច
ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
15កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា
ចិត្តយើងនឹងមានអំណរ។
16អើចិត្តថ្លើមយើងនឹងរីករាយ
ក្នុងកាលដែលបបូរមាត់ឯង
ពោលសេចក្ដីដែលត្រឹមត្រូវ។
17កុំបើកឲ្យចិត្តច្រណែន
នឹងមនុស្សមានបាបឡើយ
ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាច
ដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ។
18ដូច្នេះ នៅពេលអនាគត
សេចក្ដីសង្ឃឹម នឹងមិនខាតបង់ឡើយ។
19កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ
ត្រូវតម្រង់ចិត្តទៅតាមផ្លូវ។
20កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា
ឬក្នុងពួកល្មោភស៊ីឡើយ
21ដ្បិតមនុស្សប្រមឹក
និងមនុស្សល្មោភនឹងទៅជាក្រ
ហើយសេចក្ដីងុយងោក
នឹងនាំឲ្យស្លៀកពាក់កណ្តាច។
22ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក
ហើយកុំឲ្យមើលងាយម្តាយ
ក្នុងកាលដែលគាត់ចាស់ឡើយ។
23ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ
ចូរទិញប្រាជ្ញា ដំបូន្មាន
និងយោបល់ផង។
24ឪពុករបស់មនុស្សសុចរិត
នឹងមានចិត្តរីករាយយ៉ាងខ្លាំង
ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា
នោះនឹងមានអំណរដោយសារកូននោះ។
25ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯង
បានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯង
មកនោះមានចិត្តសប្បាយផង។
26កូនអើយ ចូរប្រគល់ចិត្តកូនមកឪពុកចុះ
ហើយឲ្យភ្នែកកូនតាមមើល
អស់ទាំងផ្លូវរបស់ឪពុកដែរ។
27ដ្បិតស្រីពេស្យាប្រៀបដូចជារណ្តៅយ៉ាងជ្រៅ
ហើយស្រីដទៃប្រៀបដូចជាអណ្ដូងដ៏ចង្អៀត។
28នាងលបចាំដូចជាចោរ
ហើយក៏ចម្រើនអ្នកក្បត់
នៅក្នុងពួកមនុស្សលោក។
29តើអ្នកណាពិបាកចិត្ត?
តើអ្នកណាកើតទុក្ខព្រួយ?
តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ?
តើអ្នកណាត្រូវរបួសឥតហេតុ?
តើអ្នកណាមានភ្នែកក្រហម?
30ជាពួកអ្នកដែលអង្គុយផឹកស្រាយ៉ាងយូរ
ជាពួកអ្នកដែលស្វែងរកស្រាយ៉ាងខ្លាំង។
31កុំមើលស្រាទំពាំងបាយជូរ
ក្នុងកាលដែលមានពណ៌ក្រហម
គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ
ហើយហូរចុះទៅដោយស្រួលនោះឡើយ។
32ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់
ហើយអុចដូចជាពស់ហនុមាន។
33ភ្នែកឯងនឹងឃើញស្រីដទៃ
ហើយចិត្តឯងនឹងពោលពាក្យខូចអាក្រក់ដែរ។
34អ្នកនឹងបានដូចជាមនុស្ស
ដែលដេកនៅកណ្ដាលសមុទ្រ
ឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោង។
35អ្នកនឹងពោលថា
«គេបានវាយខ្ញុំ តែខ្ញុំមិនឈឺ
គេបានសំពងខ្ញុំ តែខ្ញុំមិនដឹងខ្លួន
តើពេលណាទើបខ្ញុំដឹងខ្លួន?
ខ្ញុំនឹងទៅរកផឹកទៀត»។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies