កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ បើឯងស្រែកហៅរកតម្រិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ។ ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍ សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រក នៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅឯពួកមនុស្សស្លាប់។ ឯពួកអ្នកដែលដែលទៅវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។ ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយ នឹងត្រូវរំលើងចេញពីស្រុកទៅ។
អាន សុភាសិត 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 2:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ