ភីលីព 1
1
សេចក្ដីផ្ដើម
1ប៉ុល និងធីម៉ូថេ ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងអស់លោកជាអភិបាល និងជាអ្នកជំនួយ។ 2សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះ ជាព្រះវរបិតានៃយើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
លោកប៉ុលអធិស្ឋានឲ្យអ្នកក្រុងភីលីព
3ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា 4គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច 5ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។ 6ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។ 7ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ។ 8ព្រះជាស្មបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសរបស់ព្រះគ្រីស្ទយេស៊ូវ។ 9ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មានចំណេះដឹង និងយល់គ្រប់សព្វទាំងអស់ 10ដើម្បីជួយអ្នករាល់គ្នាឲ្យពិចារណាមើលពីអ្វីដែលប្រសើរបំផុត ហើយឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឥតកន្លែងបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ 11ក៏មានពេញដោយផលនៃសេចក្តីសុចរិត មកតាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសិរីល្អ និងជាការសរសើរដល់ព្រះ។
ស្ថានភាពរបស់លោកប៉ុល
12បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ ពិតជាបានជួយឲ្យដំណឹងល្អចម្រើនឡើងទៅវិញទេ 13ដើម្បីឲ្យកងរក្សាសន្តិសុខពេញផ្ទៃវាំងទាំងមូល និងឲ្យមនុស្សគ្រប់គ្នាផ្សេងទៀតដឹងថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ 14ហើយបងប្អូនភាគច្រើន ដែលមានការជឿជាក់ក្នុងព្រះអម្ចាស់ដោយសារចំណងរបស់ខ្ញុំ គេហ៊ានផ្សាយព្រះបន្ទូលកាន់តែខ្លាំងឡើង ដោយឥតភ័យខ្លាច។
15មានអ្នកខ្លះប្រកាសអំពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែក តែអ្នកខ្លះទៀតប្រកាសដោយមានបំណងល្អ។ 16អ្នកទាំងនេះ ប្រកាសអំពីព្រះគ្រីស្ទដោយចិត្តស្រឡាញ់ ដោយដឹងថាខ្ញុំបានជាប់នៅទីនេះ សម្រាប់នឹងឆ្លើយការពារដំណឹងល្អ។ 17អ្នកខ្លះទៀត ប្រកាសអំពីព្រះគ្រីស្ទដោយការប្រកួតប្រជែង មិនមែនដោយចិត្តស្មោះទេ គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ។ 18តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត 19ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។ 20អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។ 21ដ្បិតសម្រាប់ខ្ញុំ ដែលរស់គឺសម្រាប់ព្រះគ្រីស្ទ ហើយដែលស្លាប់ទៅក៏ចំណេញដែរ។ 22ប្រសិនបើខ្ញុំរស់ខាងសាច់ឈាម មានន័យថាប្រមូលផលសម្រាប់ខ្លួនខ្ញុំ នោះខ្ញុំមិនដឹងជារើសយកខាងណាទេ។ 23ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។ 24ប៉ុន្តែ ដែលរស់នៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង។ 25ខ្ញុំជឿជាក់ដូច្នេះ គឺខ្ញុំដឹងថា ខ្ញុំនឹងរស់នៅជាមួយអ្នកទាំងអស់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ហើយឲ្យមានអំណរដោយសារជំនឿ 26ដើម្បីឲ្យអ្នករាល់គ្នាមានហេតុនឹងអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាវិញ។
27ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ 28ហើយមិនញញើតពួកអ្នកប្រឆាំង ក្នុងប្រការណាឡើយ។ នេះជាភស្តុតាងដែលពួកគេត្រូវវិនាស ប៉ុន្តែ អ្នករាល់គ្នានឹងបានសង្រ្គោះវិញ ហើយការនេះមកពីព្រះ។ 29ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានឱកាស ដែលមិនគ្រាន់តែឲ្យជឿដល់ព្រះគ្រីស្ទប៉ុណ្ណោះ គឺឲ្យរងទុក្ខដោយព្រោះព្រះអង្គដែរ 30ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។
ទើបបានជ្រើសរើសហើយ៖
ភីលីព 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies