ហើយនៅថ្ងៃទីមួយ ក្នុងខែទីពីរនោះ អ្នកទាំងនោះបានប្រមូលក្រុមជំនុំទាំងអស់មកជួបជុំគ្នា។ គេក៏បានចុះឈ្មោះតាមពូជអំបូររបស់ខ្លួន តាមវង្សានុវង្សរបស់ឪពុក ឲ្យត្រូវនឹងចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់ៗគ្នា លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ កូនចៅរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។ អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធរូបេន មានចំនួន ៤៦ ៥០០ នាក់។ កូនចៅរបស់ស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ គឺអស់អ្នកដែលបានរាប់ តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធស៊ីម្មាន មានចំនួន ៥៩ ៣០០ នាក់។ កូនចៅរបស់កាដ រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។ អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធកាដ មានចំនួន ៤៥ ៦៥០ នាក់។ កូនចៅរបស់យូដា តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធយូដា មានចំនួន ៧៤ ៦០០ នាក់។ កូនចៅរបស់អ៊ីសាខារ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានចំនួន ៥៤ ៤០០ នាក់។ កូនចៅរបស់សាប់យូឡូន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធសាប់យូឡូន មានចំនួន ៥៧ ៤០០ នាក់។ ពូជពង្សរបស់យ៉ូសែប គឺកូនចៅរបស់អេប្រាអិម តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអេប្រាអិម មានចំនួន ៤០ ៥០០ នាក់។ កូនចៅរបស់ម៉ាណាសេ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានចំនួន ៣២ ២០០ នាក់។ កូនចៅរបស់បេនយ៉ាមីន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានចំនួន ៣៥ ៤០០ នាក់។ កូនចៅរបស់ដាន់ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធដាន់ មានចំនួន ៦២ ៧០០ នាក់។ កូនចៅរបស់អេស៊ើរ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអេស៊ើរ មានចំនួន ៤១ ៥០០ នាក់។ កូនចៅរបស់ណែបថាលី តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធណែបថាលី មានចំនួន ៥៣ ៤០០ នាក់។ នេះហើយជាចំនួនអស់អ្នកដែលលោកម៉ូសេ និងអើរ៉ុន ព្រមទាំងមេដឹកនាំទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល ដែលម្នាក់ៗតំណាងឲ្យវង្សានុវង្សរបស់ឪពុកខ្លួនបានរាប់។ ដូច្នេះ ចំនួននៃពួកអ៊ីស្រាអែលទាំងអស់ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា ទាំងអស់មានចំនួន ៦០៣ ៥៥០ នាក់។ ប៉ុន្ដែ គេមិនបានរាប់ពួកលេវី តាមកុលសម្ព័ន្ធរបស់ឪពុកគេជាមួយអ្នកឯទៀតទេ។ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកម៉ូសេថា៖ «មានតែកុលសម្ព័ន្ធលេវីមួយទេ ដែលអ្នកមិនត្រូវរាប់ ក៏មិនត្រូវជំរឿនពួកគេ ក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗឡើយ។ ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។ កាលណារោងឧបោសថត្រូវទៅមុខ នោះពួកលេវីត្រូវរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះពួកលេវីក៏ត្រូវដំឡើងដែរ។ ប្រសិនបើអ្នកដទៃណាផ្សេងចូលទៅជិត នោះនឹងត្រូវស្លាប់។ ពួកអ៊ីស្រាអែលដទៃទៀត ត្រូវបោះជំរំតាមកន្លែងរៀងខ្លួន គ្រប់គ្នាតាមជំរំរៀងខ្លួន តាមអង្គភាពរៀងខ្លួន ជិតទង់ជ័យរបស់គេរៀងខ្លួន តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។ ពួកអ៊ីស្រាអែលធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺគេបានធ្វើតាមគ្រប់ទាំងអស់។
អាន ជនគណនា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 1:18-54
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ