លុះដល់ថ្ងៃម្ភៃបួនក្នុងខែដដែលនោះ ប្រជាជនអ៊ីស្រាអែលបានជួបប្រជុំគ្នា ទាំងតមអាហារ ដោយស្លៀកសំពត់ធ្មៃ ហើយយកដីរោយលើក្បាល។ អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើង លន់តួអំពើបាបរបស់ខ្លួន និងអំពើទុច្ចរិតនៃបុព្វបុរសរបស់គេ។ ពួកគេឈរតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ហើយអានក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ រយៈពេលមួយភាគក្នុងបួននៅថ្ងៃនោះ ឯពេលវេលាមួយភាគក្នុងបួនទៀត ពួកគេលន់តួអំពើបាប និងថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ។ ពេលនោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ឈរលើថ្នាក់ជណ្តើររបស់ពួកលេវី ហើយបន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ។ បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។ លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺព្រះអង្គហើយដែលបានរើសលោកអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមាននាមថា អ័ប្រាហាំ។ ព្រះអង្គបានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះព្រះអង្គ ហើយបានតាំងសញ្ញានឹងលោក ថានឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជពង្សរបស់លោក ព្រះអង្គក៏បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតព្រះអង្គសុចរិត។ ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីព្ទ ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម ព្រះអង្គបានសម្ដែងទីសម្គាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងប្រជាជននៃស្រុកនោះទាំងអស់ ដ្បិតព្រះអង្គជ្រាបថា គេបានប្រព្រឹត្តនឹងបុព្វបុរសរបស់យើងដោយចិត្តព្រហើន ហើយព្រះអង្គបានធ្វើឲ្យព្រះនាមព្រះអង្គល្បីល្បាញ រហូតដល់សព្វថ្ងៃ។ ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក តែព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ ។ ម្យ៉ាងទៀត នៅពេលថ្ងៃ ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពក ហើយនៅពេលយប់ ដោយបង្គោលភ្លើង ដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។ ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានវិន័យដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាដ៏ល្អ ព្រះអង្គបានធ្វើឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយប្រទានឲ្យពួកគេមានបទបញ្ជា បញ្ញត្តិ និងក្រឹត្យវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានប្រទាននំបុ័ងពីលើមេឃមកចម្អែតពួកគេ ហើយធ្វើឲ្យមានទឹកហូរចេញពីថ្មមកឲ្យពួកគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកស្រុក ដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកគេ។ ប៉ុន្តែ ពួកគេ គឺដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តដោយចិត្តព្រហើន ហើយតាំងចិត្តរឹងចចេស ឥតស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ។ គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិននឹកចាំពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេដែរ គឺគេតាំងចិត្តរឹងចចេស ហើយបះបោរ គេបានតែងតាំងម្នាក់ឲ្យធ្វើជាមេដឹកនាំ វិលទៅរកភាពជាទាសករនៅស្រុកអេស៊ីព្ទវិញ តែព្រះអង្គជាព្រះដែលប្រុងតែនឹងអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។ ទោះជាពេលដែលពួកគេបានសិតធ្វើរូបកូនគោមាសមួយ ហើយពោលថា "នេះជាព្រះរបស់យើង ដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទ" ហើយគេបានប្រមាថព្រះអង្គយ៉ាងណាក្តី ក៏ព្រះអង្គមិនបានបោះបង់ចោលពួកគេនៅទីរហោស្ថានឡើយ គឺដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាជាខ្លាំង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវពួកគេនៅពេលថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺពួកគេនៅពេលយប់ ដើម្បីបង្ហាញផ្លូវដែលគេត្រូវដើរនោះដែរ។ ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកបង្ហាត់បង្រៀនគេ ហើយប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ហើយប្រទានទឹកឲ្យពួកគេផឹក មិនដែលខានឡើយ។ ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនពុរពងដែរ។ ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។ ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ ហើយព្រះអង្គបាននាំពួកគេចូលមកក្នុងទឹកដី ដែលព្រះអង្គប្រាប់បុព្វបុរសរបស់ពួកគេ ឲ្យពួកគេចូលទៅកាន់កាប់។ ដូច្នេះ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដីនោះ ហើយព្រះអង្គបានបង្ក្រាបសាសន៍កាណាន ជាអ្នកស្រុកនោះ នៅមុខពួកគេ ព្រមទាំងប្រគល់សាសន៍នោះ ទាំងស្តេចរបស់គេ ទាំងប្រជាជននៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់ពួកគេ ដើម្បីឲ្យពួកគេប្រព្រឹត្តនឹងសាសន៍នោះតាមអំពើចិត្ត។ ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនបរិបូរ។ យ៉ាងនោះ គេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។
អាន នេហេមា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 9:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ