នេហេមា 5

5
លោក​នេហេមា​រក​យុត្តិ‌ធម៌​ឲ្យ​ប្រជា‌ជន​ដែល​ត្រូវ​អ្នក​ធំ​សង្កត់​សង្កិន
1នៅ​គ្រា​នោះ មាន​សម្រែក​ជា​ខ្លាំង​របស់ប្រជា‌ជន និង​ប្រពន្ធ​របស់​ពួក‌គេ ស្រែក​ឡើង​ទាស់​នឹង​ពួក​បង‌ប្អូន​របស់​គេ​ជា​សាសន៍​យូដា។ 2ដ្បិត​មាន​អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ មាន​គ្នា​ជា​ច្រើន សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅផង»។ 3មាន​អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ និង​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ​អស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង»។ 4មាន​អ្នក​ខ្លះ​ផ្សេង​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្តេច 5ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង‌ប្អូន​របស់​យើង​ខ្ញុំ មាន​សាច់​ឈាម​ដូច​គ្នា កូន​ចៅ​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​ពួក‌គេ​ដែរ តែ​មើល៍ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ទាសករ​របស់​គេ យើង​ខ្ញុំ​ទាល់​ច្រក​ហើយ ដ្បិត​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នកដទៃ​ដែរ»។
6កាល​ខ្ញុំ​បាន​ឮ​សម្រែក​របស់​ពួកគេ ហើយ​ឮ​ពាក្យ​ទាំងនេះ ខ្ញុំ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ 7ខ្ញុំ​ក៏​ពិចា‌រណា​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​មេ​គ្រប់​គ្រង។ ខ្ញុំ​និយាយ​ទៅពួក‌គេ​ថា៖ «អស់​លោ​ក​គ្រប់​គ្នា ទារ​យក​ការ ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំ ទាស់​នឹងពួក‌គេ 8រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។ 9ដូច្នេះ ខ្ញុំ​ក៏​និយាយ​ថា៖ «ការ​ដែល​អស់​លោក​ធ្វើ​នេះ​មិន​ល្អ​ទេ តើ​អស់​លោក​មិន​គួរ​ប្រព្រឹត្ត ដោយ​គោរព​កោត​ខ្លាច​ដល់​ព្រះ​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ត្មះ‌តិះ‌ដៀល​យើង​ទេឬ? 10ចំណែក​ខ្ញុំ ពួក​បង‌ប្អូនរបស់​ខ្ញុំ និង​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ ក៏​បានឲ្យ​ប្រាក់ និង​ស្រូវទៅ​ពួក‌គេ​ខ្ចី​ដែរ។ ដូច្នេះ សូម​ឈប់​យក​ការ​ពី​ពួក‌គេ​ទៅ។ 11សូម​ប្រគល់​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ ចម្ការ​អូលីវ និង​ផ្ទះ​សំបែង​របស់​គេ ទៅ​គេ​វិញ​នៅ​ថ្ងៃ​នេះ​ទៅ ព្រម​ទាំង​កុំ​ទារ​ប្រាក់ ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដែល​អស់​លោក​បាន​យក​ការ​ពី​គេ​នោះ​ផង»។ 12ពេលនោះ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​ពួក‌គេ​វិញ ក៏​នឹង​លែង​យក​ការ​ពី​ពួក‌គេ​ទៀត​ដែរ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍»។ ខ្ញុំ​ក៏​ហៅ​ពួក​សង្ឃ​មក ហើយ​បង្ខំ​ឲ្យ​អ្នក​ទាំង​នោះ​ស្បថ​ថា ពួក‌គេ​នឹង​ធ្វើ​តាម​ពាក្យ​សន្យា។ 13ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​របស់​ខ្ញុំ ហើយ​ពោល​ថា៖ «អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​សន្យា​នេះ សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ​ចេញ​ពី​ផ្ទះ និង​ពី​កិច្ច​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ។ យ៉ាង​នោះ សូម​ឲ្យ​គេ​ខ្ទាត​ចេញ ហើយ​នៅ​ខ្លួន​ទទេ​ទៅ»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​ឆ្លើយ​ឡើង​ថា "អាម៉ែន" ហើយ​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។
ចិត្ត​សប្បុរស​របស់​លោក​នេហេមា
14ម្យ៉ាង​ទៀត ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តែង​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា​ភិបាល​របស់​ពួក‌គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទីម្ភៃ រហូត​ដល់​ឆ្នាំ​ទី​សាម​សិប​ពីរ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​រយៈ​ពេល​ដប់ពីរ​ឆ្នាំ នោះ​ខ្ញុំ និង​បង‌ប្អូនរបស់​ខ្ញុំ មិន​បាន​ទទួល​ទាន​របប​អាហារ ដោយ​អាង​បុណ្យ​ជា​ទេសា‌ភិបាល​ឡើយ។ 15ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ប្រជា‌ជន ហើយ​បាន​ទារ​យក​របប​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​ប្រជា‌ជន បន្ថែម​លើ​ប្រាក់​សែសិប​សេកែល​ទៀត​ផង។ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ ក៏ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​លើ​ប្រជា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​តែ​កោត​ខ្លាច​ដល់​ព្រះ។ 16ប្រការ​មួយ​ទៀត ខ្ញុំ​ក៏​បាន​នៅ​ជាប់​នឹង​កិច្ច​ការ​សង់​កំផែង​នេះ​ដែរ យើង​មិន​បាន​ទិញ​ដី​ឯ​ណា​ឡើយ ឯ​ពួក​អ្នក​បម្រើ​របស់​ខ្ញុំទាំង​ប៉ុន្មាន សុទ្ធ​តែ​បាន​មូល​មក​ជួយ​ធ្វើ​កិច្ច​ការ​នេះ។ 17ម្យ៉ាង​ទៀត មាន​ពួក​យូដា និង​ពួក​មេ​គ្រប់​គ្រង​មួយ​រយ​ហាសិប​នាក់ បរិ‌ភោគ​អាហារ​រួម​តុ​ជាមួយ​ខ្ញុំ ឥត​រាប់​ពួក​អ្នក​ដែល​មក​ឯ​យើង ពី​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ​ឡើយ។ 18រី​ឯ​ភោជ‌នាហារ​ដែល​ត្រូវ​រៀប​ចំ​ក្នុង​មួយ​ថ្ងៃៗ គឺ​គោ​មួយ ចៀម​សម្រាំង​ប្រាំមួយ ព្រម​ទាំង​សត្វ​ស្លាប​ដែរ ដែល​គេ​រៀបចំ​ឲ្យ​ខ្ញុំ ហើយ​ដប់​ថ្ងៃ​ម្ដង មាន​ស្រា​ទំពាំង‌បាយ‌ជូរ​គ្រប់​ប្រភេទ​ជា​បរិបូរ​ទៀត​ផង ប៉ុន្តែ ទោះ​បើ​ច្រើន​ដល់​ម៉្លេះ ក៏​ខ្ញុំ​មិន​បាន​ទាម​ទារ​របប​អាហារ ដោយ​អាង​សិទ្ធិ​ជា​ទេសា‌ភិបាល​ឡើយ ព្រោះ​បន្ទុក​នៃ​ការ​សាង​សង់​នេះ ធ្ងន់ដល់​ប្រជា‌ជន​ស្រេច​ទៅ​ហើយ។ 19ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ល្អ​របស់​ទូល​បង្គំ​ផង គឺ​ការ​ទាំង​ប៉ុន្មាន​ដែល​ទូល‌បង្គំបាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​នេះ។

ទើបបានជ្រើសរើសហើយ៖

នេហេមា 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល