នេហេមា 4
4
ខ្មាំងសត្រូវប្រឆាំងនឹងការសង់កំផែង
1 កាលសានបាឡាត់បានឮថា យើងកំពុងសង់កំផែងឡើងវិញដូច្នេះ គាត់ខឹងក្រេវក្រោធជាខ្លាំង ហើយចំអកឲ្យពួកយូដា។ 2គាត់និយាយនៅមុខពួកបងប្អូនរបស់គាត់ និងនៅមុខពលទ័ពស្រុកសាម៉ារីថា៖ «តើពួកយូដាកម្សោយនេះកំពុងធ្វើស្អីនឹង? តើគេសង់កំផែងនេះសម្រាប់ខ្លួនគេឬ? តើគេនឹងថ្វាយយញ្ញបូជាឬ? តើគេបង្ហើយកំផែងនេះក្នុងរយៈពេលមួយថ្ងៃឬ? តើគេយកថ្មពីគំនរសំរាម ដែលឆេះអស់ទៅហើយ មករៀបឡើងវិញកើតឬ?» 3នោះថូប៊ីយ៉ា ជាសាសន៍អាំម៉ូន ដែលឈរក្បែរគាត់ ក៏បន្ទរឡើងថា៖ «មែនហើយ សំណង់ដែលពួកគេកំពុងសង់នេះ បើគ្រាន់តែមានកញ្ជ្រោងមួយឡើងពីលើ កំផែងនោះមុខជារលំមិនខាន!»។ 4ឱព្រះនៃយើងខ្ញុំអើយ សូមស្តាប់ចុះ ដ្បិតគេមើលងាយយើងខ្ញុំហើយ។ សូមបង្វែរពាក្យឡកឡើយរបស់គេ ទៅលើក្បាលគេវិញ ហើយសូមប្រគល់គេឲ្យសត្រូវរឹបអូស នៅក្នុងស្រុកដែលគេជាប់ជាឈ្លើយនោះទៅ។ 5សូមកុំគ្របបាំងទោសរបស់គេ ហើយកុំលុបអំពើបាបរបស់គេ ចេញពីព្រះនេត្ររបស់ព្រះអង្គឡើយ ដ្បិតគេបានបណ្ដាលឲ្យព្រះអង្គមានសេចក្ដីក្រោធ នៅចំពោះពួកអ្នកសង់កំផែងនេះឡើងវិញ។
6ដូច្នេះ ពួកយើងនាំគ្នាសង់កំផែងឡើង ហើយកំផែងក៏បានតភ្ជាប់គ្នាជុំវិញ រហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនធ្វើការយ៉ាងស្វាហាប់។
7 ប៉ុន្ដែ កាលសានបាឡាត និងថូប៊ីយ៉ា ពួកអារ៉ាប់ និងពួកអាំម៉ូន ព្រមទាំងពួកអាសដូឌបានឮថា ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចម្រើនឡើង ហើយថា កន្លែងបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង 8ហើយគេក៏ប្រឹក្សាគ្នាដើម្បីមកវាយក្រុងយេរូសាឡិម ហើយបង្កឲ្យមានការច្របូកច្របល់។ 9ដូច្នេះ យើងក៏បានអធិស្ឋានដល់ព្រះនៃយើង ហើយចាត់ចែងឲ្យមានអ្នកយាមល្បាត ដើម្បីការពារទាំងយប់ទាំងថ្ងៃ។
10ពេលនោះ ពួកយូដាពោលថា៖ «កម្លាំងរបស់អស់អ្នកដែលលីសែងចេះតែចុះខ្សោយហើយ គំនរបែកបាក់មានច្រើនពេក យើងពុំអាចសង់កំផែងឡើងវិញបានទេ»។ 11មួយទៀត ខ្មាំងសត្រូវរបស់យើងពោលថា៖ «មុនពេលគេដឹងខ្លួន ឬឃើញអ្វីដែលកើតឡើង យើងនឹងចូលទៅក្នុងចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការនោះ»។ 12នៅពេលសាសន៍យូដាដែលរស់នៅក្បែរពួកគេមកដល់ គេប្រាប់យើងដល់ទៅដប់ដងថា៖ «គេនឹងឡើងមកពីគ្រប់ទីកន្លែងរបស់គេ ដើម្បីមកទាស់នឹងពួកយើង »។ 13ដូច្នេះ ខ្ញុំក៏ដាក់ប្រជាជនទាំងកាន់ដាវ កាន់លំពែង និងធ្នូរបស់គេ ឲ្យឈរនៅកន្លែងទាបៗពីក្រោយកំផែង នៅកន្លែងដែលមើលឃើញច្បាស់ តាមអំបូររបស់គេរៀងខ្លួន។ 14កាលខ្ញុំបានត្រួតពិនិត្យមើលរួចហើយ ខ្ញុំក៏ក្រោកឡើង ហើយពោលទៅកាន់ពួកអភិជន និងពួកអ្នកគ្រប់គ្រង ព្រមទាំងប្រជាជនឯទៀតៗថា៖ «កុំខ្លាចពួកគេឡើយ ចូរនឹកចាំពីព្រះអម្ចាស់ ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាច ហើយត្រូវប្រយុទ្ធការពារពួកបងប្អូន កូនប្រុស កូនស្រី ប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
15កាលខ្មាំងសត្រូវរបស់យើងបានឮថា យើងដឹងគំនិតរបស់គេ ហើយថា ព្រះបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅសង់កំផែង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។ 16ដូច្នេះ ចាប់ពីថ្ងៃនោះមក ពួកអ្នកបម្រើរបស់ខ្ញុំពាក់កណ្ដាលបានធ្វើការ ហើយពាក់កណ្ដាលទៀត កាន់លំពែង កាន់ខែល កាន់ធ្នូ និងអាវក្រោះ ឯពួកមេដឹកនាំ ក៏ឈរនៅពីក្រោយពួកវង្សយូដាទាំងមូល 17ដែលកំពុងសង់កំផែង។ អស់អ្នកដែលលីសែង ហើយដឹកជញ្ជូន គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ។ 18ឯពួកជាងសង់ សុទ្ធតែស្ពាយដាវជាប់នឹងខ្លួន ហើយធ្វើការ ឯអ្នកដែលផ្លុំត្រែឈរនៅក្បែរខ្ញុំ។ 19ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កិច្ចការនេះធំ ហើយលាតសន្ធឹងយ៉ាងវែង យើងក៏នៅដាច់ពីគ្នានៅលើកំផែងទៀត។ 20ដូច្នេះ នៅកន្លែងណាដែលអ្នករាល់គ្នាឮសូរត្រែ នោះត្រូវប្រមូលគ្នាមកឯយើងនៅទីនោះ។ ព្រះនៃយើងនឹងប្រយុទ្ធជំនួសយើង»។
21ដូច្នេះ យើងក៏ខំប្រឹងធ្វើការ ហើយពួកគេពាក់កណ្ដាលកាន់លំពែង ចាប់តាំងពីថ្ងៃរះ រហូតដល់ផ្កាយលេចចេញមក។ 22នៅគ្រានោះ ខ្ញុំក៏ប្រាប់ប្រជាជនថា៖ «ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបម្រើរបស់ខ្លួន ដេកនៅក្រុងយេរូសាឡិម ដើម្បីឲ្យគេជួយការពារយើងនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ 23ដូច្នេះ ទោះជាខ្ញុំ ឬបងប្អូន ពួកអ្នកបម្រើរបស់ខ្ញុំ ឬពួកអ្នកការពារដែលមកតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសម្លៀកបំពាក់ចេញឡើយ ម្នាក់ៗកាន់អាវុធជាប់នឹងដៃស្ដាំជានិច្ច។
ទើបបានជ្រើសរើសហើយ៖
នេហេមា 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies