ពួកគេបានចេញដំណើរពីទីនោះ កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹងឡើយ ដ្បិតព្រះអង្គបានបង្រៀនពួកសិស្សព្រះអង្គ ដោយមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោក គេនឹងសម្លាប់លោក ហើយបីថ្ងៃក្រោយពីគេសម្លាប់ នោះលោកនឹងរស់ឡើងវិញ»។ ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។ បន្ទាប់មក ពួកគេបានមកដល់ក្រុងកាពើណិម ហើយពេលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាជជែកគ្នាអំពីអ្វីនៅតាមផ្លូវ?» ប៉ុន្ដែ ពួកគេនៅស្ងៀម ព្រោះនៅតាមផ្លូវ គេបានជជែកគ្នាអំពីអ្នកណាធំជាងគេ។ ព្រះអង្គគង់ចុះ ហៅអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវធ្វើជាអ្នកចុងក្រោយគេបង្អស់ និងជាអ្នកបម្រើគេទាំងអស់គ្នា»។ បន្ទាប់មក ព្រះអង្គយកក្មេងតូចម្នាក់មកដាក់នៅកណ្តាលពួកគេ ទ្រង់ឱបក្មេងនោះ ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលកូនក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។ យ៉ូហានទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំបានឃើញបុរសម្នាក់កំពុងដេញអារក្សក្នុងនាមលោកគ្រូ ហើយយើងខ្ញុំបានហាមឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាធ្វើការអស្ចារ្យក្នុងនាមខ្ញុំ អាចនឹងនិយាយអាក្រក់ពីខ្ញុំភា្លមនោះឡើយ។ អ្នកណាដែលមិនទាស់នឹងយើង អ្នកនោះនៅខាងយើងហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នាផឹកក្នុងនាមខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។ «ប្រសិនបើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំជំពប់ដួល ស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយទម្លាក់ចុះទៅក្នុងសមុទ្រ ប្រសើរដល់អ្នកនោះជាជាង។ ប្រសិនបើដៃរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង នោះប្រសើរជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលមិនអាចពន្លត់បាន [ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ ប្រសិនបើជើងរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់ចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានជើងតែម្ខាង នោះប្រសើរជាងមានជើងទាំងពីរ ហើយត្រូវបោះទៅក្នុងនរក [ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ ប្រសិនបើភ្នែករបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ស៊ូឲ្យអ្នកចូលក្នុងព្រះរាជ្យរបស់ព្រះមានភ្នែកតែម្ខាង នោះប្រសើរជាងមានភ្នែកទាំងពីរ ហើយត្រូវបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់។ ដ្បិតគ្រប់គ្នានឹងមានជាតិប្រៃដោយសារភ្លើង ហើយគ្រប់ទាំងយញ្ញបូជានឹងមានជាតិប្រៃដោយសារអំបិល។ អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចឲ្យប្រៃវិញបាន? ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយសុខសាន្តចុះ»។
អាន ម៉ាកុស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 9:30-50
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ