ម៉ាកុស 9:1-13

ម៉ាកុស 9:1-13 គកស១៦

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ​នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​មកដល់ ប្រកប​ដោយ​ចេស្តា»។ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​បាន​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់ ដាច់​ដោយ​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ។ ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ ដែល​គ្មាន​អ្នក​ណា​នៅ​លើ​ផែនដី អាច​ធ្វើ​ឲ្យ​ស​ដូច្នេះ​បាន​ឡើយ។ ពេល​នោះ ពួក​សិស្ស​ឃើញ​លោក​អេលី‌យ៉ា និង​លោក​ម៉ូសេ​បាន​លេច​មក ហើយ​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូវ។ ពេត្រុស​ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា»។ គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​នោះ​មក​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ចូរ​ស្តាប់​តាម​ព្រះ‌អង្គ​ចុះ»។ រំពេច​នោះ គេ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ពុំ​ឃើញ​មាន​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​គង់​ជា​មួយ​ពួក​គេ។ ពេល​កំពុង​ចុះ​ពី​ភ្នំ​មក ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ អ្នក​ទាំង​នោះ​ក៏​រក្សា​រឿង​នោះ​ទុក​តែ​ក្នុង​ចិត្ត ហើយ​ចោទ​សួរ​គ្នា​ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​នេះ មាន​ន័យ​ដូច​ម្តេច។ បន្ទាប់​មក គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​តាំង​ការ​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​សេចក្តី​ចែង​ទុក​អំពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល​ងាយ​ផង? ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលី‌យ៉ា​បាន​មក​ហើយ គេ​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​មាន​សេចក្តី​ចែង​ទុក​អំពី​លោក​ស្រាប់»។

អាន ម៉ាកុស 9