ម៉ាកុស 8

8
ព្រះ‌យេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​បួន​ពាន់​នាក់​បរិ‌ភោគ
(ម៉ាថាយ ១៥.៣២-៣៩)
1នៅ​គ្រា​នោះ មាន​មហាជន​ច្រើន​កុះ​ករ​បាន​មក​ជួប​ជុំ​គ្នា​ម្ដង​ទៀត ហើយ​គេ​គ្មាន​អ្វី​បរិ‌ភោគ។ ព្រះ‌អង្គ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ 2«ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្ដាជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិ‌ភោគ​សោះ។ 3បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន នោះ​គេ​នឹង​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ដ្បិត​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ណាស់»។ 4ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «នៅ​ទី​រហោ​ស្ថាន​ដូច្នេះ តើ​អ្នក​ណា​អាច​រក​នំបុ័ង​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?» 5ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន?» គេ​ទូល​ថា៖ «មាន​ប្រាំ​ពីរ​ដុំ»។ 6ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តាជន​អង្គុយ​នៅ​លើ​ដី ហើយ​ទ្រង់​យក​នំបុ័ង​ប្រាំ​ពីរដុំ​នោះ​មក អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ហើយ​គេ​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្ដាជន។ 7គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​អរ​ព្រះគុណ​រួច​ហើយ ព្រះ‌អង្គ​ក៏​បង្គាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត។ 8គេ​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំពីរ​កន្ត្រក។ 9ពេល​នោះ មាន​មនុស្ស​ប្រហែល​បួន​ពាន់​នាក់។ បន្ទាប់​មក ព្រះ‌អង្គ​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ។ 10ភ្លាម​នោះ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស ទៅ​កាន់​ស្រុក​ដាល‌ម៉ានូថា ។
ពួក​ផារិ‌ស៊ី​សួរ​រក​ទីសម្គាល់
11ពួក​ផារិ‌ស៊ី​ចេញ​មក ហើយ​ចាប់​ផ្ដើម​ជជែក​ដេញ​ដោល ដើម្បី​ល្បង​ល​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់​មួយ​ពី​ស្ថាន​សួគ៌​ដល់​គេ។ 12ព្រះ‌អង្គ​ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​សួរ​រក​តែ​ទី​សម្គាល់​ដូច្នេះ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​មនុស្ស​ជំនាន់​នេះ​ឡើយ»។ 13បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​គេ ហើយ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។
ដំបែ​របស់​ពួក​ផារិ‌ស៊ី និង​ពួក​ហេរ៉ូឌ
(ម៉ាថាយ ១៦.៥-១២)
14ពេល​នោះ ពួក​សិស្ស​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ ហើយ​នៅ​ក្នុង​ទូក គេ​មាន​តែ​នំ​ប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ។ 15ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដាស់​តឿន​គេ​ថា៖ «ចូរ​ប្រយ័ត្ន មិន​ត្រូវ​ទុក​ចិត្ត​នឹង​ដំបែ​របស់​ពួក​ផារិ‌ស៊ី និង​ដំបែ​របស់​ពួក​ហេរ៉ូឌ​ឡើយ»។ 16គេ​រិះ​គិត​គ្នា​ថា៖ «នេះ​មក​ពី​យើង​គ្មាន​នំបុ័ង​ទេ​ដឹង!» 17ដោយ​ជ្រាប​ពី​រឿង​នេះ ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​និយាយ​ពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ ឬ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស​ឬ? 18តើ​អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ? 19កាល​ខ្ញុំ​កាច់​នំបុ័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភាគ តើ​អ្នក​រាល់​គ្នា​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ដប់​ពីរ​កន្ត្រក»។ 20«ចុះ​កាល​ខ្ញុំ​កាច់​នំបុ័ង​ប្រាំ​ពីរ​ដុំ​ឲ្យ​មនុស្ស​បួន​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​ចំណិត​ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រាំ​ពីរ​កន្ត្រក»។ 21ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ?»។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​នៅ​ក្រុង​បេតសៃដា
22ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស​មក​ដល់​ក្រុង​បេតសៃ‌ដា ពេល​នោះ មាន​គេ​នាំ​បុរស​ខ្វាក់​ម្នាក់​មក​ជួប​ព្រះ‌អង្គ ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ពាល់​គាត់។ 23ព្រះ‌អង្គ​ក៏​ដឹក​ដៃ​បុរស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ក្រៅ​ភូមិ ព្រះ‌អង្គ​យក​ទឹក​ព្រះ​ឱស្ឋ​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ត​លើ រួច​សួរ​គាត់​ថា៖ «តើ​អ្នក​មើល​ឃើញ​អ្វី​ឬ​ទេ?» 24បុរស​នោះ​ងើប​ភ្នែក​ឡើង ទូល​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ»។ 25ព្រះ​យេស៊ូវ​ដាក់​ព្រះ‌ហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត គាត់​ខំ​សម្លឹង​មើល ភ្នែក​គាត់​ក៏​ភ្លឺ​ឡើង ហើយ​មើល​ឃើញ​អ្វីៗ​ទាំង​អស់​យ៉ាង​ច្បាស់។ 26ព្រះ‌អង្គ​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​នោះ​ឲ្យ​សោះ»។
លោក​ពេត្រុស​ប្រកាស​ថា​ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ
(ម៉ាថាយ ១៦.១៣-២០ លូកា ៩.១៨-២១)
27ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​បាន​បន្ត​ដំណើរ​ចេញ​ទៅ​ភូមិ​នានា នៅ​ស្រុក​សេសារា‌ភីលីព ហើយ​នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា?» 28គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌អង្គ​ថា៖ «ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលី‌យ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ»។ 29ព្រះ‌អង្គ​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​អ្នក​ណា?» ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ»។ 30ពេល​នោះ ព្រះ‌អង្គ​ហាម​ផ្តាច់​មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​អំពី​ព្រះ‌អង្គ​ឡើយ។
ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ
31បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ខ្លាំង ហើយ​ត្រូវ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ‌បង់​ចោល ហើយ​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ 32ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ពី​ដំណើរ​នេះ​ជា​ចំហ។ ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដាច់​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​បន្ទោស​ព្រះ‌អង្គ។ 33ប៉ុន្តែ ព្រះ‌អង្គ​ងាក​ទត​ទៅ​ពួក​សិស្ស ហើយ​បន្ទោស​ពេត្រុស​ថា៖ «នែ៎​សាតាំង! ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ ដ្បិត​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ»។
34ព្រះ‌អង្គ​ត្រាស់​ហៅ​បណ្ដាជន និង​ពួក​សិស្ស​ឲ្យ​ចូល​មក រួច​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។ 35ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ។ 36ដ្បិត​បើ​មនុស្ស​ម្នាក់​បានពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? 37តើ​គេ​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? 38អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស​ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ពាក្យ​ខ្ញុំ នៅ​ក្នុង​ជំនាន់​មនុស្ស​ផិត​ក្បត់ ហើយ​មាន​បាប​នេះ កូន​មនុស្ស​ក៏​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ពេល​លោក​យាង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា​របស់​លោក ជា​មួយ​ពួក​ទេវតា​បរិសុទ្ធ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល