ព្រះយេស៊ូវយាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ហើយពួកសិស្សក៏ទៅតាមព្រះអង្គ។ នៅថ្ងៃសប្ប័ទ ព្រះអង្គចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលស្តាប់ព្រះអង្គ ក៏នឹកប្លែកក្នុងចិត្ត ទាំងនិយាយគ្នាថា៖ «តើអ្នកនេះបានសេចក្តីទាំងនេះមកពីណា? តើប្រាជ្ញាដែលគាត់បានទទួលនេះ ជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលកើតឡើងដោយដៃគាត់ អីក៏អស្ចារ្យម៉្លេះ! តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូន ហើយប្អូនស្រីគាត់ទាំងប៉ុន្មាន តើមិននៅទីនេះជាមួយយើងទេឬ?» អ្នកទាំងនោះក៏ទាស់ចិត្តនឹងព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនមែនឥតគេរាប់អាននោះទេ លើកលែងតែនៅក្នុងស្រុករបស់ខ្លួន ក្នុងចំណោមញាតិសន្តាន និងនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។ នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យបានទេ ព្រះអង្គគ្រាន់តែដាក់ព្រះហស្ត ប្រោសអ្នកជំងឺខ្លះឲ្យបានជាប៉ុណ្ណោះ។ ព្រះអង្គនឹកឆ្ងល់នឹងដំណើរដែលគេមិនជឿ ហើយបន្ទាប់មក ព្រះអង្គក៏យាងទៅបង្រៀនតាមភូមិនានាដែលនៅជុំវិញ។ ព្រះអង្គហៅអ្នកទាំងដប់ពីរមក ហើយចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់ ព្រះអង្គប្រទានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់។ ព្រះអង្គហាមមិនឲ្យគេយកអ្វីសម្រាប់តាមផ្លូវឡើយ លើកលែងតែដំបងមួយប៉ុណ្ណោះ គឺមិនឲ្យយកនំបុ័ង ថង់យាម ឬយកប្រាក់ដាក់ក្នុងខ្សែក្រវាត់ទៅជាមួយឡើយ គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតទាល់តែអ្នករាល់គ្នាចេញពីទីនោះ។ បើកន្លែងណាដែលគេមិនទទួល ហើយមិនព្រមស្តាប់អ្នករាល់គ្នា នោះពេលអ្នករាល់គ្នាដើរចេញ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងគេ។ [ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាជាងក្រុងនោះ]»។ ដូច្នេះ ពួកសិស្សក៏ចេញទៅ ហើយគេប្រកាសប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត គេដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យអ្នកដែលមានជំងឺជាច្រើន ដើម្បីប្រោសគេឲ្យបានជា។ ដំណឹងនោះក៏ឮដល់ព្រះបាទហេរ៉ូឌ ដ្បិតព្រះនាមរបស់ព្រះយេស៊ូវបានឮល្បីសុសសាយ។ អ្នកខ្លះនិយាយថា៖ «លោកយ៉ូហាន-បាទីស្ទបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកអេលីយ៉ា» ខ្លះទៀតថា៖ «ជាហោរា ដូចជាហោរាឯទៀតៗពីជំនាន់ដើមដែរ»។ ប៉ុន្តែ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានរាជឱង្ការថា៖ «យ៉ូហានដែលយើងបានកាត់ក្បាល បានរស់ពីស្លាប់ឡើងវិញហើយ»។ ដ្បិតគឺព្រះបាទហេរ៉ូឌនេះហើយ ដែលបានបញ្ជាឲ្យគេទៅចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះតែព្រះនាងហេរ៉ូឌាស ជាមហេសីរបស់ភីលីព ជាអនុជ ព្រោះព្រះបាទហេរ៉ូឌបានយកនាងមកធ្វើជាមហេសីរបស់ខ្លួន ហើយលោកយ៉ូហានបានទូលព្រះបាទហេរ៉ូឌថា៖ «ព្រះករុណាគ្មានច្បាប់នឹងយកមហេសីរបស់អនុជទ្រង់ទេ»។ ឯព្រះនាងហេរ៉ូឌាសក៏ចងគំនុំ ហើយចង់សម្លាប់លោក តែព្រះនាងពុំអាចធ្វើកើត ដ្បិតព្រះបាទហេរ៉ូឌខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ដូច្នេះ ទ្រង់ក៏ការពារលោក។ កាលទ្រង់បានស្តាប់លោក ទ្រង់ក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ ទ្រង់បានស្តាប់លោកដោយអំណរ។ លុះឱកាសល្អមួយមកដល់ ជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌ ទ្រង់បានរៀបពិធីជប់លៀងឲ្យពួកនាម៉ឺនមន្ត្រី ពួកមេទ័ព និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ។ ពេលបុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំ នាងធ្វើឲ្យព្រះបាទហេរ៉ូឌ និងពួកភ្ញៀវដែលរួមតុជាមួយ ពេញចិត្តជាខ្លាំង។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «នាងចង់បានអ្វី ចូរសូមពីយើងចុះ យើងនឹងឲ្យនាង»។ ស្ដេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសូមពីយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?» មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហាន-បាទីស្ទ»។ នាងក៏ប្រញាប់ប្រញាល់ចូលទៅគាល់ស្តេចភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហាន-បាទីស្ទ ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះ!» ស្តេចមានព្រះហឫទ័យព្រួយយ៉ាងខ្លាំង តែដោយព្រោះសម្បថរបស់ព្រះអង្គ និងពួកភ្ញៀវដែលរួមតុជាមួយ ទ្រង់ក៏មិនចង់ប្រកែកនឹងនាង។ ស្តេចក៏ចាត់ពេជ្ឈឃាដម្នាក់ទៅភា្លម ដោយបញ្ជាឲ្យយកក្បាលលោកយ៉ូហានមក។ អ្នកនោះក៏ចេញទៅ ហើយកាត់ក្បាលលោកនៅក្នុងគុក ដាក់លើថាស យកមកប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់លោកបានឮដំណឹងនេះ គេក៏នាំគ្នាចូលមកយកសពរបស់លោក ទៅបញ្ចុះក្នុងផ្នូរ។
អាន ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:1-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ