ម៉ាកុស 6
6
អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះយេស៊ូវ
(លូកា ៤.១៦-៣០)
1ព្រះយេស៊ូវយាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ហើយពួកសិស្សក៏ទៅតាមព្រះអង្គ។ 2នៅថ្ងៃសប្ប័ទ ព្រះអង្គចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលស្តាប់ព្រះអង្គ ក៏នឹកប្លែកក្នុងចិត្ត ទាំងនិយាយគ្នាថា៖ «តើអ្នកនេះបានសេចក្តីទាំងនេះមកពីណា? តើប្រាជ្ញាដែលគាត់បានទទួលនេះ ជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលកើតឡើងដោយដៃគាត់ អីក៏អស្ចារ្យម៉្លេះ! 3តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូន ហើយប្អូនស្រីគាត់ទាំងប៉ុន្មាន តើមិននៅទីនេះជាមួយយើងទេឬ?» អ្នកទាំងនោះក៏ទាស់ចិត្តនឹងព្រះអង្គ។ 4ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនមែនឥតគេរាប់អាននោះទេ លើកលែងតែនៅក្នុងស្រុករបស់ខ្លួន ក្នុងចំណោមញាតិសន្តាន និងនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។ 5នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យបានទេ ព្រះអង្គគ្រាន់តែដាក់ព្រះហស្ត ប្រោសអ្នកជំងឺខ្លះឲ្យបានជាប៉ុណ្ណោះ។ 6ព្រះអង្គនឹកឆ្ងល់នឹងដំណើរដែលគេមិនជឿ ហើយបន្ទាប់មក ព្រះអង្គក៏យាងទៅបង្រៀនតាមភូមិនានាដែលនៅជុំវិញ។
បេសកកម្មរបស់អ្នកទាំងដប់ពីរ
(ម៉ាថាយ ១០.៥-១៥ លូកា ៩.១-៦)
7ព្រះអង្គហៅអ្នកទាំងដប់ពីរមក ហើយចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់ ព្រះអង្គប្រទានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់។ 8ព្រះអង្គហាមមិនឲ្យគេយកអ្វីសម្រាប់តាមផ្លូវឡើយ លើកលែងតែដំបងមួយប៉ុណ្ណោះ គឺមិនឲ្យយកនំបុ័ង ថង់យាម ឬយកប្រាក់ដាក់ក្នុងខ្សែក្រវាត់ទៅជាមួយឡើយ 9គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។ 10ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតទាល់តែអ្នករាល់គ្នាចេញពីទីនោះ។ 11បើកន្លែងណាដែលគេមិនទទួល ហើយមិនព្រមស្តាប់អ្នករាល់គ្នា នោះពេលអ្នករាល់គ្នាដើរចេញ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងគេ។ [ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាជាងក្រុងនោះ]»។ 12ដូច្នេះ ពួកសិស្សក៏ចេញទៅ ហើយគេប្រកាសប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត 13គេដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យអ្នកដែលមានជំងឺជាច្រើន ដើម្បីប្រោសគេឲ្យបានជា។
ការស្លាប់របស់លោកយ៉ូហាន-បាទីស្ទ
(ម៉ាថាយ ១៤.១-១២ លូកា ៩.៧-៩)
14ដំណឹងនោះក៏ឮដល់ព្រះបាទហេរ៉ូឌ ដ្បិតព្រះនាមរបស់ព្រះយេស៊ូវបានឮល្បីសុសសាយ។ អ្នកខ្លះនិយាយថា៖ «លោកយ៉ូហាន-បាទីស្ទបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។ 15ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកអេលីយ៉ា» ខ្លះទៀតថា៖ «ជាហោរា ដូចជាហោរាឯទៀតៗពីជំនាន់ដើមដែរ»។ 16ប៉ុន្តែ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានរាជឱង្ការថា៖ «យ៉ូហានដែលយើងបានកាត់ក្បាល បានរស់ពីស្លាប់ឡើងវិញហើយ»។
17ដ្បិតគឺព្រះបាទហេរ៉ូឌនេះហើយ ដែលបានបញ្ជាឲ្យគេទៅចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះតែព្រះនាងហេរ៉ូឌាស ជាមហេសីរបស់ភីលីព ជាអនុជ ព្រោះព្រះបាទហេរ៉ូឌបានយកនាងមកធ្វើជាមហេសីរបស់ខ្លួន 18ហើយលោកយ៉ូហានបានទូលព្រះបាទហេរ៉ូឌថា៖ «ព្រះករុណាគ្មានច្បាប់នឹងយកមហេសីរបស់អនុជទ្រង់ទេ»។ 19ឯព្រះនាងហេរ៉ូឌាសក៏ចងគំនុំ ហើយចង់សម្លាប់លោក តែព្រះនាងពុំអាចធ្វើកើត 20ដ្បិតព្រះបាទហេរ៉ូឌខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ដូច្នេះ ទ្រង់ក៏ការពារលោក។ កាលទ្រង់បានស្តាប់លោក ទ្រង់ក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ ទ្រង់បានស្តាប់លោកដោយអំណរ។ 21លុះឱកាសល្អមួយមកដល់ ជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌ ទ្រង់បានរៀបពិធីជប់លៀងឲ្យពួកនាម៉ឺនមន្ត្រី ពួកមេទ័ព និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ។ 22ពេលបុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំ នាងធ្វើឲ្យព្រះបាទហេរ៉ូឌ និងពួកភ្ញៀវដែលរួមតុជាមួយ ពេញចិត្តជាខ្លាំង។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «នាងចង់បានអ្វី ចូរសូមពីយើងចុះ យើងនឹងឲ្យនាង»។ 23ស្ដេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសូមពីយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»។ 24នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?» មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហាន-បាទីស្ទ»។ 25នាងក៏ប្រញាប់ប្រញាល់ចូលទៅគាល់ស្តេចភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហាន-បាទីស្ទ ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះ!» 26ស្តេចមានព្រះហឫទ័យព្រួយយ៉ាងខ្លាំង តែដោយព្រោះសម្បថរបស់ព្រះអង្គ និងពួកភ្ញៀវដែលរួមតុជាមួយ ទ្រង់ក៏មិនចង់ប្រកែកនឹងនាង។ 27ស្តេចក៏ចាត់ពេជ្ឈឃាដម្នាក់ទៅភា្លម ដោយបញ្ជាឲ្យយកក្បាលលោកយ៉ូហានមក។ អ្នកនោះក៏ចេញទៅ ហើយកាត់ក្បាលលោកនៅក្នុងគុក 28ដាក់លើថាស យកមកប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។ 29កាលពួកសិស្សរបស់លោកបានឮដំណឹងនេះ គេក៏នាំគ្នាចូលមកយកសពរបស់លោក ទៅបញ្ចុះក្នុងផ្នូរ។
ព្រះយេស៊ូវប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់បរិភោគ
(ម៉ាថាយ ១៤.១៣-២១ លូកា ៩.១០-១៧ យ៉ូហាន ៦.១-៤)
30ពួកសាវកបានមកប្រជុំគ្នានៅចំពោះព្រះយេស៊ូវ ហើយរៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងបានបង្រៀន។ 31ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ 32ដូច្នេះ គេនាំគ្នាចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក។ 33ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន។ 34កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។ 35លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ 36សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ»។ 37ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?» 38ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន? ចូរទៅមើលមើល៍»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «មានប្រាំដុំ និងត្រីពីរកន្ទុយ»។ 39ពេលនោះ ព្រះអង្គបង្គាប់ពួកសិស្សឲ្យប្រាប់ពួកគេអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ 40ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។ 41ព្រះអង្គយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ងើបព្រះភក្ត្រទៅស្ថានសួគ៌ អរព្រះគុណ ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ដើម្បីចែកឲ្យបណ្ដាជន ហើយព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះទៅគេទាំងអស់គ្នាដែរ។ 42ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា 43រួចគេប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មានដែលនៅសល់ បានពេញដប់ពីរកន្ត្រក។ 44អស់អ្នកដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។
ព្រះយេស៊ូវយាងលើទឹក
(ម៉ាថាយ ១៤.២២-៣៣ យ៉ូហាន ៦.១៥-២១)
45រំពេចនោះ ព្រះអង្គបង្ខំពួកសិស្សឲ្យចុះទូក ឆ្លងទៅក្រុងបេតសៃដា នៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គឲ្យបណ្ដាជនវិលត្រឡប់ទៅវិញ។ 46ក្រោយពីព្រះអង្គមានព្រះបន្ទូលលាបណ្តាជនហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។
47លុះដល់យប់ ទូកបានទៅដល់កណ្តាលសមុទ្រ តែព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ 48ពេលព្រះអង្គទតឃើញពួកសិស្សចែវទូកបញ្ច្រាសខ្យល់យ៉ាងលំបាក ព្រះអង្គក៏យាងលើទឹក ឆ្ពោះទៅរកពួកគេនៅពេលប្រហែលយាមបួនយប់។ ព្រះអង្គចង់យាងបង្ហួសពួកគេ។ 49ប៉ុន្តែ ពេលគេឃើញព្រះអង្គយាងលើទឹកដូច្នោះ គេស្មានថាខ្មោចលង ហើយក៏ស្រែកឡើង 50ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី!» 51ពេលនោះ ព្រះអង្គយាងចូលទៅក្នុងទូកជាមួយពួកគេ ហើយខ្យល់ក៏ស្ងប់ឈឹង។ អ្នកទាំងនោះនឹកប្លែកក្នុងចិត្តជាពន់ពេក 52ដ្បិតគេមិនបានយល់អំពីរឿងនំបុ័ងទេ មកពីគេមានចិត្តរឹងរូស។
ព្រះយេស៊ូវប្រោសអ្នកជំងឺនៅស្រុកគេនេសារ៉ែត
(ម៉ាថាយ ១៤.៣៤-៣៦)
53ពេលគេឆ្លងដល់ត្រើយម្ខាង មកដល់ស្រុកគេនេសារ៉ែត គេក៏ចតទូកនៅទីនោះ។ 54ពេលគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម 55ហើយរត់ទៅគ្រប់កន្លែងក្នុងតំបន់នោះទាំងមូល រួចចាប់ផ្ដើមនាំអ្នកជំងឺដេកលើកន្ទេល មកកាន់កន្លែងដែលគេឮថាព្រះអង្គគង់នៅ។ 56កន្លែងណាដែលព្រះអង្គយាងទៅ ទោះនៅក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេដាក់អ្នកជំងឺនៅទីប្រជុំជន រួចទូលអង្វរព្រះអង្គសុំឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ព្រះអង្គ បានជាសះស្បើយគ្រប់គ្នា ។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies