ម៉ាកុស 6

6
អ្នក​ភូមិ​ណាសា‌រ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូវ
(លូកា ៤.១៦-៣០)
1ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ ហើយ​ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ 2នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​មក​ពី​ណា? តើ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ​អស្ចារ្យ​ដែល​កើត​ឡើង​ដោយ​ដៃ​គាត់ អី​ក៏​អស្ចារ្យ​ម៉្លេះ! 3តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន ហើយ​ប្អូន​ស្រី​គាត់​ទាំង​ប៉ុន្មាន តើ​មិន​នៅ​ទី​នេះ​ជា​មួយ​យើង​ទេ​ឬ?» អ្នក​ទាំង​នោះ​ក៏​ទាស់​ចិត្ត​នឹង​ព្រះ‌អង្គ។ 4ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​នោះ​ទេ លើក​លែង​តែ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ក្នុង​ចំណោម​ញាតិ‌សន្តាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ»។ 5នៅ​ទី​នោះ ព្រះ‌អង្គ​ពុំ​អាច​ធ្វើ​ការ​អស្ចារ្យ​បាន​ទេ ព្រះ‌អង្គ​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​អ្នក​ជំងឺ​ខ្លះ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ។ 6ព្រះ‌អង្គ​នឹក​ឆ្ងល់​នឹង​ដំណើរ​ដែល​គេ​មិន​ជឿ ហើយ​បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ទៅ​បង្រៀន​តាម​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
បេសកកម្ម​របស់​អ្នក​ទាំង​ដប់​ពីរ
(ម៉ាថាយ ១០.៥-១៥ លូកា ៩.១-៦)
7ព្រះ‌អង្គ​ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់។ 8ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​យក​អ្វី​សម្រាប់​តាម​ផ្លូវ​ឡើយ លើក​លែង​តែ​ដំបង​មួយ​ប៉ុណ្ណោះ គឺ​មិន​ឲ្យ​យក​នំបុ័ង ថង់​យាម ឬ​យក​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទៅ​ជា​មួយ​ឡើយ 9គឺ​ពាក់​បាន​តែ​ស្បែក​ជើង ហើយ​មិន​ត្រូវ​ពាក់​អាវ​ពីរ​ឡើយ។ 10ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ 11បើ​កន្លែង​ណា​ដែល​គេ​មិន​ទទួល ហើយ​មិន​ព្រម​ស្តាប់​អ្នក​រាល់​គ្នា នោះ​ពេល​អ្នក​រាល់​គ្នា​ដើរ​ចេញ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ។ [ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ងាយ​ទ្រាំ​ជា​ជាង​ក្រុង​នោះ]»។ 12ដូច្នេះ ពួក​សិស្ស​ក៏​ចេញ​ទៅ ហើយ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត 13គេ​ដេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​ជា​ច្រើន ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា។
ការ​ស្លាប់​របស់​លោក​យ៉ូហាន-បាទីស្ទ
(ម៉ាថាយ ១៤.១-១២ លូកា ៩.៧-៩)
14ដំណឹង​នោះ​ក៏​ឮ​ដល់​ព្រះ‌បាទ​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ​បាន​ឮ​ល្បី​សុស‌សាយ។ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។ 15ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អេលី‌យ៉ា» ខ្លះ​ទៀត​ថា៖ «ជា​ហោរា ដូច​ជា​ហោរា​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ 16ប៉ុន្តែ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ»។
17ដ្បិត​គឺ​ព្រះ‌បាទ​ហេរ៉ូឌ​នេះ​ហើយ ដែល​បាន​បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន ហើយ​យក​លោក​ទៅ​ដាក់​គុក ដោយ​ព្រោះ​តែ​ព្រះ​នាង​ហេរ៉ូ‌ឌាស ជា​មហេសី​របស់​ភីលីព ជា​អនុជ ព្រោះ​ព្រះ‌បាទ​ហេរ៉ូឌ​បាន​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​ខ្លួន 18ហើយ​លោក​យ៉ូហាន​បាន​ទូល​ព្រះ‌បាទ​ហេរ៉ូឌ​ថា៖ «ព្រះ‌ករុណា​គ្មាន​ច្បាប់​នឹង​យក​មហេសី​របស់​អនុជ​ទ្រង់​ទេ»។ 19ឯ​ព្រះនាង​ហេរ៉ូ‌ឌាស​ក៏​ចង​គំនុំ ហើយ​ចង់​សម្លាប់​លោក តែ​ព្រះនាង​ពុំ​អាច​ធ្វើ​កើត 20ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ដូច្នេះ ទ្រង់​ក៏​ការ‌ពារ​លោក។ កាល​ទ្រង់​បាន​ស្តាប់​លោក ទ្រង់​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ ទ្រង់​បាន​ស្តាប់​លោក​ដោយ​អំណរ។ 21លុះ​ឱកាស​ល្អ​មួយ​មក​ដល់ ជា​ថ្ងៃ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ទ្រង់​បាន​រៀប​ពិធី​ជប់​លៀង​ឲ្យ​ពួក​នាម៉ឺន​មន្ត្រី ពួក​មេ​ទ័ព និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ។ 22ពេល​បុត្រី​របស់​ព្រះ​នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ នាង​ធ្វើ​ឲ្យ​ព្រះ​បាទ​ហេរ៉ូឌ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ពេញ​ចិត្ត​ជា​ខ្លាំង។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «នាង​ចង់​បាន​អ្វី ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។ 23ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វី​ក៏​ដោយ​ដែល​នាង​សូម​ពី​យើង យើង​នឹង​ឲ្យ​នាង សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»។ 24នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?» មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន-បាទីស្ទ»។ 25នាង​ក៏​ប្រញាប់​ប្រញាល់​ចូល​ទៅ​គាល់​ស្តេច​ភ្លាម ហើយ​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ក្បាល​របស់​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​ឥឡូវ​នេះ!» 26ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​យ៉ាង​ខ្លាំង តែ​ដោយ​ព្រោះ​សម្បថ​របស់​ព្រះ‌អង្គ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ទ្រង់​ក៏​មិន​ចង់​ប្រ‌កែក​នឹង​នាង។ 27ស្តេច​ក៏​ចាត់​ពេជ្ឈ‌ឃាដ​ម្នាក់​ទៅ​ភា្លម ដោយ​បញ្ជា​ឲ្យ​យក​ក្បាល​លោក​យ៉ូហាន​មក។ អ្នក​នោះ​ក៏​ចេញ​ទៅ ហើយ​កាត់​ក្បាល​លោក​នៅ​ក្នុង​គុក 28ដាក់​លើ​ថាស យក​មក​ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។ 29កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ​ដំណឹង​នេះ គេ​ក៏​នាំ​គ្នា​ចូល​មក​យក​សព​របស់​លោក ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។
ព្រះ‌យេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិ‌ភោគ
(ម៉ាថាយ ១៤.១៣-២១ លូកា ៩.១០-១៧ យ៉ូហាន ៦.១-៤)
30ពួក​សាវក​បាន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ ហើយ​រៀប​រាប់​ទូល​ព្រះ‌អង្គ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​បាន​បង្រៀន។ 31ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​កន្លែង​ស្ងាត់​ដាច់​ដោយ​ឡែក ហើយ​សម្រាក​បន្តិច​សិន»។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​ទៅ​មក ហើយ​គេ​រក​តែ​ពេល​បរិ‌ភោគ​ក៏​មិន​បាន។ 32ដូច្នេះ គេ​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ដោយ​ឡែក។ 33ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ទៅ ហើយ​ដឹង​ពី​កន្លែង​ដែល​ព្រះ‌អង្គ និង​ពួក​សិស្ស​ទៅ គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ទៅ​ដល់​មុន។ 34កាល​ព្រះ‌យេស៊ូវ​បាន​ឡើង​ពី​ទូក​មក ឃើញ​មហាជន​ច្រើន​កុះ​ករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ព្រោះ​គេ​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌អង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន។ 35លុះ​ពេល​ជ្រុល​ហើយ ពួក​សិស្ស​ចូល​មក​ទូល​ព្រះ‌អង្គ​ថា៖ «ទី​នេះ​ជា​កន្លែង​ស្ងាត់ ហើយ​ពេល​ក៏​ជ្រុល​ដែរ 36សូម​ព្រះ‌អង្គ​ឲ្យ​គេ​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​បរិ‌ភោគ​នៅ​ស្រុក​ភូមិ​ជុំ​វិញ​នេះ​ចុះ»។ 37ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិ‌ភោគ​ផង»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ដេណារី ទៅ​ទិញ​នំ​ប៉័ង​ឲ្យ​ពួក​គេ​បរិ‌ភោគ​ឬ?» 38ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន? ចូរ​ទៅ​មើល​មើល៍»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មាន​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ»។ 39ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​ពួក​គេ​អង្គុយ​ជា​ក្រុមៗ នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។ 40ពួក​គេ​ក៏​អង្គុយ​ចុះ​ជា​ក្រុមៗ មាន​ក្រុម​ខ្លះ​មួយ​រយ​នាក់ និង​ក្រុម​ខ្លះ​ហាសិប​នាក់។ 41ព្រះ‌អង្គ​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក ងើប​ព្រះ​ភក្ត្រ​ទៅ​ស្ថាន​សួគ៌ អរ​ព្រះ​គុណ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ពួក​សិស្ស ដើម្បី​ចែក​ឲ្យ​បណ្ដា​ជន ហើយ​ព្រះ‌អង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ទៅ​គេ​ទាំង​អស់​គ្នា​ដែរ។ 42ពួក​គេ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា 43រួច​គេ​ប្រមូល​ចំណិត​នំបុ័ង និង​ត្រី​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់ បាន​ពេញ​ដប់​ពីរ​កន្ត្រក។ 44អស់​អ្នក​ដែល​បាន​បរិ‌ភោគ​នំ​ប៉័ង​នោះ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។
ព្រះ‌យេស៊ូវ​យាង​លើ​ទឹក
(ម៉ាថាយ ១៤.២២-៣៣ យ៉ូហាន ៦.១៥-២១)
45រំពេច​នោះ ព្រះ‌អង្គ​បង្ខំ​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឲ្យ​បណ្ដាជន​វិល​ត្រឡប់​ទៅ​វិញ។ 46ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​លា​បណ្តាជន​ហើយ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។
47លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្តាល​សមុទ្រ តែ​ព្រះ‌អង្គ​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។ 48ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​សិស្ស​ចែវ​ទូក​បញ្ច្រាស​ខ្យល់​យ៉ាង​លំបាក ព្រះ‌អង្គ​ក៏​យាង​លើ​ទឹក ឆ្ពោះ​ទៅ​រក​ពួក​គេ​នៅ​ពេល​ប្រហែល​យាម​បួន​យប់។ ព្រះ‌អង្គ​ចង់​យាង​បង្ហួស​ពួក​គេ។ 49ប៉ុន្តែ ពេល​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ គេ​ស្មាន​ថា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង 50ដ្បិត​គេ​ឃើញ​ព្រះ‌អង្គ​គ្រប់​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី!» 51ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​ពួក​គេ ហើយ​ខ្យល់​ក៏​ស្ងប់​ឈឹង។ អ្នក​ទាំង​នោះ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ពន់​ពេក 52ដ្បិត​គេ​មិន​បាន​យល់​អំពី​រឿង​នំបុ័ង​ទេ មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។
ព្រះ‌យេស៊ូវ​ប្រោស​អ្នក​ជំងឺ​នៅ​ស្រុក​គេនេ‌សារ៉ែត
(ម៉ាថាយ ១៤.៣៤-៣៦)
53ពេល​គេ​ឆ្លង​ដល់​ត្រើយ​ម្ខាង មក​ដល់​ស្រុក​គេនេ‌សារ៉ែត គេ​ក៏​ចត​ទូក​នៅ​ទី​នោះ។ 54ពេល​គេ​ចេញ​ពី​ទូក ប្រជា‌ជន​ក៏​ស្គាល់​ព្រះ‌អង្គ​ភ្លាម 55ហើយ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ​ទាំង​មូល រួច​ចាប់​ផ្ដើម​នាំ​អ្នក​ជំងឺ​ដេក​លើកន្ទេល មក​កាន់​កន្លែង​ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។ 56កន្លែង​ណា​ដែល​ព្រះ‌អង្គ​យាង​ទៅ ទោះ​នៅ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ដាក់​អ្នក​ជំងឺ​នៅ​ទី​ប្រជុំ​ជន រួច​ទូល​អង្វរ​ព្រះ‌អង្គ​សុំ​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ព្រះ‌អង្គ បាន​ជា​សះ​ស្បើយ​គ្រប់​គ្នា ។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល