ម៉ាកុស 4:26-34

ម៉ាកុស 4:26-34 គកស១៦

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​លើ​ដី ហើយ​ដេក​នៅ​ពេល​យប់ ក្រោក​នៅ​ពេល​ថ្ងៃ គាត់​មិន​ដឹង​ថា​ពូជ​នោះ​ចេញ​ពន្លក ហើយ​ដុះ​ឡើង​យ៉ាង​ណា​ទេ។ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ បន្ទាប់​មក ចេញ​ជា​គ្រាប់​ពេញ​លេញ។ លុះ​ពេល​ទុំ​ភ្លាម គាត់​ក៏​យក​កណ្តៀវ​ទៅ​ច្រូត ព្រោះ​ដល់​រដូវ​ចម្រូត​ហើយ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «តើ​យើង​អាច​ប្រៀប​ធៀប​ព្រះរាជ្យ​របស់​ព្រះ​ទៅ​នឹង​អ្វី ឬ​ប្រើ​រឿង​ប្រៀប​ធៀប​អ្វី​មក​ប្រដូច​នឹង​ព្រះរាជ្យ​នោះ? ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​កាល​ណា​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​ពូជ​ណា​ទាំង​អស់​នៅ​លើ​ផែន​ដី តែ​ពេល​គេ​ព្រោះ​ចុះ​ទៅ វា​ក៏​ដុះ​ឡើង ហើយ​ត្រឡប់​ជា​ធំ​ជាង​រុក្ខ‌ជាតិ​ណា​ទាំង​អស់ ក៏​បែក​មែក​ធំៗ ហើយ​សត្វ​ហើរ​លើ​អាកាស​អាច​ធ្វើ​សម្បុក​នៅ​ក្រោម​ម្លប់​របស់​វា​បាន»។ ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​រឿង​ប្រៀប​ធៀប​បែប​នេះ​ជា​ច្រើន តាម​ដែល​គេ​អាច​ស្តាប់​បាន ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ​បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប‌ធៀប​ឡើយ តែ​ព្រះ‌អង្គ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក ដល់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។

អាន ម៉ាកុស 4