ម៉ាកុស 4:26-34

ម៉ាកុស 4:26-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​លើ​ដី ហើយ​ដេក​នៅ​ពេល​យប់ ក្រោក​នៅ​ពេល​ថ្ងៃ គាត់​មិន​ដឹង​ថា​ពូជ​នោះ​ចេញ​ពន្លក ហើយ​ដុះ​ឡើង​យ៉ាង​ណា​ទេ។ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ បន្ទាប់​មក ចេញ​ជា​គ្រាប់​ពេញ​លេញ។ លុះ​ពេល​ទុំ​ភ្លាម គាត់​ក៏​យក​កណ្តៀវ​ទៅ​ច្រូត ព្រោះ​ដល់​រដូវ​ចម្រូត​ហើយ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «តើ​យើង​អាច​ប្រៀប​ធៀប​ព្រះរាជ្យ​របស់​ព្រះ​ទៅ​នឹង​អ្វី ឬ​ប្រើ​រឿង​ប្រៀប​ធៀប​អ្វី​មក​ប្រដូច​នឹង​ព្រះរាជ្យ​នោះ? ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​កាល​ណា​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​ពូជ​ណា​ទាំង​អស់​នៅ​លើ​ផែន​ដី តែ​ពេល​គេ​ព្រោះ​ចុះ​ទៅ វា​ក៏​ដុះ​ឡើង ហើយ​ត្រឡប់​ជា​ធំ​ជាង​រុក្ខ‌ជាតិ​ណា​ទាំង​អស់ ក៏​បែក​មែក​ធំៗ ហើយ​សត្វ​ហើរ​លើ​អាកាស​អាច​ធ្វើ​សម្បុក​នៅ​ក្រោម​ម្លប់​របស់​វា​បាន»។ ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​រឿង​ប្រៀប​ធៀប​បែប​នេះ​ជា​ច្រើន តាម​ដែល​គេ​អាច​ស្តាប់​បាន ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ​បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប‌ធៀប​ឡើយ តែ​ព្រះ‌អង្គ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក ដល់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 4

ម៉ាកុស 4:26-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​បុរស​ម្នាក់​ព្រោះ​ស្រូវ នៅ​ក្នុង​ស្រែ​របស់​ខ្លួន។ ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ ដ្បិត​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក​ក៏​បែក​ជា​កួរ ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។ លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា​មក​ប្រដូច​នឹង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ? ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។ លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។ ព្រះ‌យេស៊ូ​តែង​ប្រកាស​ព្រះ‌បន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។ ព្រះអង្គ​តែង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន ព្រះអង្គ​បក‌ស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស*។

ចែក​រំលែក
អាន ម៉ាកុស 4

ម៉ាកុស 4:26-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​មាន​បន្ទូល​ថា នគរ​ព្រះ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​នៅ​ដី អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ។ ទ្រង់​ក៏​មាន​បន្ទូល​ថា តើ​យើង​នឹង​ធៀប​នគរ​ព្រះ​ជា​អ្វី ឬ​ត្រូវ​យក​ពាក្យ​ប្រៀប​អ្វី​មក​ប្រដូច​នឹង​នគរ​នោះ គឺ​ដូច​ជា​គ្រាប់​ពូជ​១ ដែល​កាល​ណា​គេ​ព្រោះ​នៅ​ដី ជា​ពូជ​យ៉ាង​ល្អិត​ជាង​គ្រាប់​ទាំង​អស់​នៅ​ផែនដី តែ​កាល​ណា​គេ​ព្រោះ​ចុះ​ទៅ នោះ​ក៏​ដុះ​ឡើង​ត្រឡប់​ជា​ធំ លើស​ជាង​តិណ‌ជាតិ​ទាំង​អស់​វិញ ទាំង​បែក​មែក​ជា​ធំ​ផង ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​នៅ​លើ​អាកាស មក​ទំ​នៅ​ក្រោម​ម្លប់​បាន ទ្រង់​អធិប្បាយ​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្តាប់ ដោយ​ពាក្យ​ប្រៀប​ប្រដូច​យ៉ាង​ដូច្នេះ​ជា​ច្រើន តាម​ដែល​គេ​ស្តាប់​បាន ទ្រង់​មិន​បាន​មាន​បន្ទូល​ទៅ​គេ ដោយ​ឥត​ពាក្យ​ប្រៀប‌ធៀប​ទេ តែ​កាល​ណា​នៅ​ដោយ‌ឡែក នោះ​ទ្រង់​ពន្យល់​ទាំង​អស់​ដល់​ពួក​សិស្ស​វិញ។

ចែក​រំលែក
អាន ម៉ាកុស 4