ម៉ាកុស 10:46-52

ម៉ាកុស 10:46-52 គកស១៦

ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ កាល​គាត់​ឮ​ថា នោះ​ជា​ព្រះ‌យេស៊ូវ​អ្នក​ស្រុក​ណាសា‌រ៉ែត គាត់​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ​វង្ស​ព្រះ​បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង»។ មនុស្ស​ជា​ច្រើន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង!» ព្រះ‌យេស៊ូវ​ឈប់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ហៅ​គាត់​មក»។ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​មក ដោយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​អ្នក»។ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង ហើយ​មក​រក​ព្រះ‌យេស៊ូវ។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» បុរស​ខ្វាក់​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ផង!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ រំពេច​នោះ គាត់​មើល​ឃើញ​ភា្លម រួច​ដើរ​តាម​ពី​ក្រោយ​ព្រះ‌អង្គ​ទៅ។

អាន ម៉ាកុស 10