នេះជាការចាប់ផ្ដើមដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដូចមានសេចក្ដីចែងទុកនៅក្នុងគម្ពីរហោរាអេសាយថា៖ «មើលយើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក គាត់នឹងរៀបចំផ្លូវឲ្យអ្នក។ មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោស្ថាន ថា "ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ"» ។ លោកយ៉ូហាន ជាអ្នកធ្វើពិធីជ្រមុជទឹក បានលេចមកនៅទីរហោស្ថាន លោកប្រកាសប្រាប់ពីពិធីជ្រមុជខាងការប្រែចិត្ត ដើម្បីទទួលការអត់ទោសឲ្យរួចពីបាប។ មនុស្សមកពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងមនុស្សទាំងអស់នៅក្រុងយេរូសាឡិម បានចេញមករកលោក ដើម្បីទទួលពិធីជ្រមុជទឹកពីលោកក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបរបស់ខ្លួន។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយលោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃ។ លោកប្រកាសថា៖ «ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនសមនឹងឱនស្រាយខ្សែសុពណ៌បាទព្រះអង្គផង។ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែព្រះអង្គវិញនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ»។ នៅគ្រានោះ ព្រះយេស៊ូវយាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ហើយបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណយាងចុះមកដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានសំឡេងមួយពីលើស្ថានសួគ៌មកថា៖ «អ្នកជាកូនស្ងួនភា្ងរបស់យើង ជាទីពេញចិត្តយើងណាស់»។ ភ្លាមនោះ ព្រះវិញ្ញាណជំរុញព្រះអង្គឲ្យយាងចេញទៅទីរហោស្ថាន។ ព្រះអង្គគង់នៅទីនោះសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ព្រះអង្គគង់ជាមួយសត្វព្រៃ ហើយមានពួកទេវតាមកគាល់បម្រើព្រះអង្គ។ ក្រោយពេលគេចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះយេស៊ូវក៏យាងមកស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អអំពីព្រះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ»។ កាលព្រះយេស៊ូវកំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញស៊ីម៉ូន និងអនទ្រេជាប្អូន កំពុងទម្លាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ភ្លាមនោះគេក៏ទុកអួនចោល ហើយដើរតាមព្រះអង្គទៅ។ កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។ ព្រះអង្គត្រាស់ហៅពួកគេមកភ្លាម ហើយពួកគេក៏ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គទៅ។ ពួកគេនាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិតព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកដែលមានអំណាច មិនដូចជាពួកអាចារ្យទេ។
អាន ម៉ាកុស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 1:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ