ម៉ាកុស 1:1-15

ម៉ាកុស 1:1-15 គកស១៦

នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណឹងល្អ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា៖ «មើល​យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក គាត់​នឹង​រៀបចំ​ផ្លូវ​ឲ្យ​អ្នក។ មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទីរហោ‌ស្ថាន ថា "ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ‌អង្គ"» ។ លោក​យ៉ូហាន ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក បាន​លេច​មក​នៅ​ទីរហោ‌ស្ថាន លោក​ប្រកាស​ប្រាប់​ពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ មនុស្ស​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា និង​មនុស្ស​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម បាន​ចេញ​មក​រក​លោក ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់​តួបាប​របស់​ខ្លួន។ លោក​យ៉ូហាន​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ហើយ​លោក​បរិ‌ភោគ​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ។ លោក​ប្រកាស​ថា៖ «ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ឱន​ស្រាយ​ខ្សែ​សុពណ៌​បាទ​ព្រះ‌អង្គ​ផង។ ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ព្រះ‌អង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។ នៅ​គ្រា​នោះ ព្រះ​យេស៊ូវ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ហើយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់។ ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះ‌អង្គ​ឃើញ​ស្ថាន​សួគ៌​បើក​ចំហ ហើយ​ព្រះ​វិញ្ញាណ​យាង​ចុះ​មក​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។ មាន​សំឡេង​មួយ​ពី​លើ​ស្ថាន​សួគ៌​មក​ថា៖ «អ្នក​ជា​កូន​ស្ងួន​ភា្ង​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់»។ ភ្លាម​នោះ ព្រះ​វិញ្ញាណ​ជំរុញ​ព្រះ‌អង្គ​ឲ្យ​យាង​ចេញ​ទៅ​ទី​រហោ‌ស្ថាន។ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​សែសិប​ថ្ងៃ ត្រូវ​អារក្ស‌សាតាំង​ល្បួង ព្រះ‌អង្គ​គង់​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា​មក​គាល់​បម្រើ​ព្រះ‌អង្គ។ ក្រោយ​ពេល​គេ​ចាប់​លោក​យ៉ូហាន​ទៅ​ឃុំ‌ឃាំង ព្រះ‌យេស៊ូវ​ក៏​យាង​មក​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ពេល​វេលា​បាន​សម្រេច​ហើយ ឯ​ព្រះរាជ្យ​របស់​ព្រះ​ក៏​មក​ជិត​បង្កើយ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ»។

អាន ម៉ាកុស 1