មីកា 6:1-8

មីកា 6:1-8 គកស១៦

នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល៖ ចូរ​ក្រោក​ឡើង អង្វរ​នៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​សំឡេង​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​ឯង​ផង។ ភ្នំ​ទាំង‌ឡាយ និង​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ ចូរ​ស្តាប់​រឿង​ក្ដី​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កើត​ក្ដី នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​តវ៉ា​ជា​មួយ​ពួក​អ៊ីស្រា‌អែល។ «ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ តើ​យើង​បាន​ធ្វើ​អ្វី​ដល់​ឯង? តើ​យើង​បាន​ធ្វើ​ឲ្យ​ឯង​ធុញ​ទ្រាន់​ដោយ‌សារ​អ្វី? ចូរ​ឆ្លើយ​នឹង​យើង! ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់? តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​តង្វាយ​ដុត ជា​កូន​គោ​អាយុ​មួយ​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ​ឬ? តើ​ព្រះ‌យេហូវ៉ា​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ? ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច? បើ​មិន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា‌មួយ​ព្រះ​របស់​ខ្លួន ដោយ​សុភាព​ប៉ុណ្ណោះ។

អាន មីកា 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង មីកា 6:1-8